រដ្ឋមន្រ្តីទេសចរណ៍ផ្តល់អនុសាសន៍ដល់សណ្ឋាគារលំដាប់ផ្កាយ៥ទាក់ទងនឹងបដិសណ្ឋារកិច្ចក្នុងកិច្ចប្រជុំធំមួយនៅឆ្នាំ២០២៦

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ កត្តាសុខសន្តិភាព បាននាំមកនូវព្រឹត្តការណ៍អន្តរជាតិ និងសំខាន់ៗ នាឆ្នាំ២០២៦ នៅប្រទេសកម្ពុជាខាងមុខ។ នេះជាការលើកឡើងរបស់លោកហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍កាលពីម្សិលម៉ិញនេះ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលរដ្ឋមន្ត្រីក្រសួងទេសច​រណ៍ លោកហួត ហាក់ បានអនុញ្ញាតជូនថ្នាក់ដឹកនាំគ្រប់គ្រងជាន់ខ្ពស់របស់សណ្ឋាគារ Raffle Le Royal ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម គោរពរាយការណ៍អំពីសកម្មភាពអាជីវកម្ម ព្រមទាំងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច ក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦ ខាងមុខនេះ នាទីស្តីការក្រសួង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងទេសច​រណ៍ លោកហួត ហាក់
រដ្ឋមន្ត្រីក្រសួងទេសច​រណ៍ លោកហួត ហាក់

ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសណ្ឋា​គារ Raffle Le Royal ថ្នាក់ដឹកនាំ បុគ្គលិករបស់សណ្ឋាគារទាំងអស់ដែលបានចូលរួមចំណែកដ៏សំខាន់ និងសកម្មក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគឺការបដិសណ្ឋារកិច្ច សេវាស្នាក់នៅ ម្ហូបអាហារដែលបាននាំភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទីនៃពិភពលោក ទទួលបាននូវបទពិសោធដ៏កក់ក្តៅ និងមិនអាចបំភ្លេចបានពីដំណើរទេសចរណ៍នៅប្រទេសកម្ពុជា ជាពិសេសគឺស្នាមញញឹមកម្ពុជា។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានជម្រាបជូនដល់ប្រតិភូសណ្ឋា​គារ អំពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ជាពិសេសគឺកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលជាកិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេសជាច្រើន អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកចូលរួមជាច្រើនពាន់នាក់ ពីគ្រប់ទិសទីនៃពិភពលោក។​

លោកហួត ហាក់ បានផ្តល់នូវអនុសាសន៍ណែនាំដល់ប្រតិភូសណ្ឋាគារ ត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំ កំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie Summit) ខាងមុខ ដែលជាការលើកមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និយាយជារួម និងនិយាយដោយឡែកគឺសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច សេវាស្នាក់នៅ និងម្ហូបអាហាររបស់កម្ពុជាដល់ពិភពលោកទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here