ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្ថាប័នជំនាញកម្ពុជាពង្រឹងប្រព័ន្ធត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារផ្លូវការ ក្នុងការត្រៀមលក្ខណៈ សម្រាប់សវនកម្មពីសហភាពអឺរ៉ុបនៅឆ្នាំក្រោយ ដើម្បីសម្រួលដល់ការចុះបញ្ជី សហគ្រាសជលផលកម្ពុជាក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប និងពង្រីកទីផ្សារអន្តរជាតិផ្សេងៗទៀត។
កិច្ចការសំខាន់ចំពោះមុខនាពេលនេះ ជាការត្រៀមលក្ខណៈសម្រាប់សវនកម្មពី អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចុះបញ្ជី សហគ្រាសជលផលកម្ពុជាក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប។
រដ្ឋបាលជលផល(FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងបន្តពិភាក្សាលើការចុះហត្ថលេខា សម្រាប់អនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។
នេះជាការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរួម របស់រដ្ឋបាលជលផល អង្គការUNIDO និងសហភាពអឺរ៉ុប ក្រោយពីបានរៀបចំសិក្ខាសាលាបិទបញ្ចប់គម្រោងសម្រាប់លទ្ធផលទី១ នៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នាថ្ងៃចន្ទ ទី៦ ខែតុលានេះ។
លោកឃួន អេវីរ៉ាតប្រធានស្តីទី ផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសវនកម្មពីDG SANTE នាពេលខាងមុខដូច្នេះថា “ការឆ្លងកាត់សវនកម្មនេះដោយជោគជ័យ នឹងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលជលផល និងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ជាប្រទេសផ្គត់ផ្គង់ផលផលិតផលជលផលមានគុណភាពនិងសុវត្ថិភាព”។
សិក្ខាសាលាដែលដឹកនាំដោយ រដ្ឋលេខាធិការ ក្រសួងកសិកម្ម លោកប្រាក់ ដាវីដបានបង្ហាញអំពីសមិទ្ធផលដ៏គួរឱ្យ កត់សម្គាល់របស់គម្រោង និងតួនាទីរបស់គម្រោង ក្នុងការជំរុញការផ្លាស់ប្តូរក្នុងវិស័យជលផលនៅកម្ពុជា។
ខណៈដែលគម្រោង CAPFISH-Capture) កំពុងបោះជំហានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ គម្រោង សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្កើត និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការ ដ៏រឹងមាំមួយផ្តើមចេញពីវិស័យជលផល។ ក្រសួងកសិកម្មក៏បានបញ្ជាក់ជាថ្មី ពីការប្តេជាចិត្តរបស់ក្រសួងចំពោះសន្តិសុខស្បៀងសុខមាលភាពសហគមន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការUNIDO គម្រោងនេះមានសុខុមុមនីយកម្ម ទៅនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។ នេះជាការត្រួសត្រាយផ្លូវឱ្យផល ផលិតផលជលផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ បានកាន់តែទូលំទូលាយ និងរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល លោកពុំ សុថាបានមានប្រសាសន៍ថា សមិទិ្ធផលគម្រោងមានតម្លៃលើសពីប្រព័ន្ធវិញ្ញាបនបត្រ និងគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធដែលគម្រោងបានចូលរួមបង្កើត ហើយគម្រោងបន្សល់ទុកនូវកេរដំណែលនៃការផ្លាស់ប្តូរ និងជានិមិត្តរូបនៃក្តីសង្ឃឹម សម្រាប់អនាគតដ៏រុងរឿងសម្រាប់វិស័យជលផលកម្ពុជារបស់យើង”។
អង្គការ UNIDO នៅតែប្តេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជា ក្នុងការបំពេញតាមស្តង់ដារពិភពលោក និងការពង្រីកទីផ្សារទូលំទូលាយ។
លោក សុខ ណារិនតំណាងប្រចាំប្រទេស នៃអង្គការ UNIDO នៅកម្ពុជាបានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា ឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនៅគ្រប់កម្រិត។
លោកបញ្ជាក់ថា “យើងកំពុងកសាងវិស័យជលផលមួយ ដែលមានភាពធន់ ហើយអាចរីកចម្រើន ឈានចូលនៅក្នុងទីផ្សារអន្តរជាតិពោរពេញដោយភាពប្រកួតប្រជែង ឈរលើស្មារតីសាមគ្គីជាធ្លុងមួយ”។
ទោះបីជាគម្រោងបញ្ចប់ក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អនុលោមភាពសុវត្ថិភាពម្ហូបអាហារ ក្នុងវិស័យកែច្នៃជលផល និងការត្រៀមខ្លួន សម្រាប់នាំចេញនឹងនៅតែបន្ត។ ដោយផ្តោតការយលចិត្តទុកដាក់លើកត្តានេះ កម្ពុជាអាចនឹងក្លាយជាប្រទេសនាំមុខគេក្នុងតំបន់លើការគ្រប់គ្រងជលផល ប្រកបដោយទំនួលខុសត្រូវ។
គម្រោងបានគាំទ្រលើការរៀបចំបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់ផល ផលិតផលជលផលកម្ពុជា រួមទាំងគោលការណ៍ណែនាំ បច្ចេកទេសមួយចំនួនផ្សេងទៀត ដើម្បីលើកកម្ពស់ការធានាគុណភាពសម្រាប់ឧស្សាហកម្មនេះ។
ជាលទ្ធផល សហគ្រាសជលផលកម្ពុជាចំនួន២២ បានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា(CQS) ដែលបង្កើនជំនឿទុកចិត្តរបស់អ្នកបរិភោគ សម្រាប់ទីផ្សារទាំងក្នុងនិងក្រៅស្រុក។ លើសពីនេះ សហគ្រាសចំនួន៩ កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារអង្កេតដានអន្តរជាតិ។
ច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានមើលឃើញថា នឹងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ។ តួយ៉ាងច្បាប់ស្តីពីជលផលថ្មីដែលទើបអនុម័តកាលពីខែមិថុនា ឆ្នាំ២០២៥។ ច្បាប់នេះមានគោលបំណងពង្រឹងការនេសាទ ប្រកបដោយនិរន្តរភាព និងការការពារធនធានសមុទ្រ៕









