ដោយៈ ម៉ាណា
កណ្តាលៈ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លោកគួច ចំរើន បានអញ្ជើញពិនិត្យការធ្វើបទបង្ហាញការអនុវត្តគម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ” របស់ក្រុមការងារមនសិការពលរដ្ឋល្អ ខេត្តកណ្តាល។
គំរោងនេះផ្តោតលើកម្មវិធីចំនួនពីរដូចជា ទី១ ថ្នាក់រៀនត្រលប់ក្នុងបរិបទឌីជីថល និងទី២ ដោះសោរអំណានបំភ្លឺជីវិត ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
បន្ទាប់ពីបានស្តាប់បទបង្ហាញរួមមក លោកអភិបាលខេត្ត បានផ្ដល់នូវមតិកែលម្អមួយចំនួន ទៅលើការធ្វើបទបង្ហាញរបស់បេក្ខជនទាំង២ក្រុម ដើម្បីយកទៅធ្វើការកែសម្រួលឱ្យបានល្អថែមទៀត។
លោកបានលើកទឹកចិត្តដល់បេក្ខជនទាំង២ក្រុម ត្រូវបន្តខិតខំហាត់សម ឱ្យកាន់តែស្ទាត់ជំនាញទាំងកាយវិការ និងការនិយាយស្តី ត្រូវខិតខំពង្រឹងស្មារតី កុំឱ្យមានភាពភិតភ័យ ពេលឡើងធ្វើបទបង្ហាញក្នុង ពិសេសត្រូវខិតខំបង្ហាញឱ្យអស់ខ្លឹមសារ ដែលបានគ្រោងទុក សំដៅទទួលបានលទ្ធផលល្អ ក្នុងការប្រកួតប្រជែងនៅថ្នាក់ជាតិ។
លោកគួច ចំរើន បានលើកឡើងពាក់ព័ន្ធទៅ និងការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន ដោយលោកអភិបាល បានស្នើដល់យុវជនសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ សូមកុំរំពឹងតែលើរាជរដ្ឋាភិបាល កងទ័ពជួរមុខ ក្នុងកិច្ចការការពារប្រទេសជាតិ ពីព្រោះពលរដ្ឋម្នាក់ៗ សុទ្ធតែមានកាតព្វកិច្ច ក្នុងការការពារបូរណភាពទឹកដី របស់ប្រទេសជាតិយើងទាំងអស់គ្នា ទៅតាមលទ្ធភាពជាក់ស្ដែងដែលខ្លួនមាន។

លោកបានជម្រុញជាពិសេសអ្នក ដែលចេះភាសាបរទេស ត្រូវចូលរួមផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពាន អំពើរំលោភបំពានរបស់ប្រទេសថៃ និងរូបភាពរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរ ពីការឈ្លានពានរបស់ប្រទេសថៃ ទៅកាន់អន្តរជាតិឱ្យបានផុលផុស ដើម្បីធ្វើឱ្យសំឡេងរបស់យើងចេញទៅខាងក្រៅបានច្រើន ឱ្យពិភពលោកបានដឹងថាកម្ពុជា ពិតជាអ្នករងគ្រោះពិតប្រាកដ។
តាមរយៈការវាយតម្លៃថ្នាក់ជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានសម្រេចជ្រើសរើសគម្រោង២ ដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមគម្រោងល្អទាំង៦ ដើម្បីក្លាយជាបេក្ខភាពតំណាងឱ្យ ខេត្តកណ្តាល ដែលក្នុងនោះរួមមាន៖ គម្រោង “ថ្នាក់រៀនត្រលប់ក្នុងបរិបទឌីជីថល” និងគម្រោង “ដោះសោរអំណានបំភ្លឺជីវិត” គម្រោងទាំង២នេះ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រថ្នាក់ជាតិ ជាមួយនឹងគម្រោងនៃរាជធានី/ខេត្តទាំង១១ ផ្សេងទៀតនៅមជ្ឈមណ្ឌល ម៉ានី អាគារ THE KAMPUS រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៥ និងប្រកាសជ័យលាភីគម្រោងឆ្នើម និងគម្រោងល្អ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕










