ដោយៈ និស្ស័យ
ភ្នំពេញៈ អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា លោកស្រីម៉ក់ រស្មី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី៣” នៅរាជធានីភ្នំពេញ។
កម្មវិធីវិថីហិរញ្ញវត្ថុ រៀបចំឡើងក្រោមកិច្ចសហការរវាង សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន អប្សរា មេឌា សឺវីស និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ព្រមទាំងមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យមានសកម្មភាពអប់រំ ផ្នែកហិរញ្ញវត្ថុនេះឱ្យបានទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។
កម្មវិធីសម្ពោធនេះ ក៏មានការចូលរួមធ្វើបទបង្ហាញ ទាក់ទងនឹងយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដោយលោកស្រី ប៉ុន ដាលីន ប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជាផងដែរ៕








