ដោយៈ ចំណាន
ជប៉ុនៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុនMS Tourist Ltd. បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
សំណើរនេះ ត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍។
ក្នុងឱកាសជំនួបនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការចូលរួមដ៏សកម្មរបស់ ក្រុមហ៊ុនរហូតមក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការនាំភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា ក្នុងចំនួនគួរឱ្យកត់សំគាល់កន្លងមក។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្ទី ក៏បានគូសបញ្ជាកថាសំណូមពរ និងមតិរបស់ក្រុមហ៊ុន ត្រូវបានប្រមូលជាធាតុចូលដ៏ល្អ ដើម្បីដាក់បញ្ជូលក្នុងវិធានការណ៍របស់ក្រសួង លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជប៉ុន និងអន្តរជាតិមកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមពីលើចំនួន ដែលទទួលបានភ្ញៀវទេសចរជប៉ុនជាង៧៣.០០០នាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៥នេះ៕









