តើការជួញដូរផ្សារហ៊ុននៅតំបន់អាសុីមានស្ថានភាពប្រែប្រួលដូចម្តេចនៅថ្ងៃពុធនេះ ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារវិស័យផលិតកម្ម និងសេវាកម្មរបស់សហរដ្ឋអាមេរិកធ្លាក់ចុះក្នុងខែកញ្ញា ខណៈសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) បានធ្លាក់ចុះដល់៥៣,៦ពិន្ទុក្នុងខែកញ្ញាបើធៀបនឹងសន្ទស្សន៍ចំនួន៥៤,៦ពិន្ទុនៅក្នុងខែសីហា។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះចំនួន០,១៨ភាគរយ គិតត្រឹមម៉ោង១០:៤០នាទីព្រឹក។

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,១៩ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៧៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៧១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៦៣ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៩២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,១៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here