ដោយៈ ម៉ាល័យ
ប្រទេសចិនៈ អនុប្រធានាធិបតីចិនលោក Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន បានចាត់ទុកកម្ពុជា ជាមិត្តដែលថែបហើយទំនាក់ទំនង កាន់តែមានភាពប្រសើរជាប្រចាំ រហូតដល់ការបង្កើតសហគមន៍វាសនារួមគ្នា។
អនុប្រធានាធិនបតីចិនបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីក្នុងពេល អញ្ជើញចូលរួម ពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះ លោកWei Tao បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងបានបានគូសបញ្ជាក់ថា ចិន និងកម្ពុជាគឺ “មិត្តភាពដែកថែប” ដែលរួមសុខរួមទុក្ខជាមួយគ្នា ក្នុងគ្រប់កាលៈទេសៈ និងបានលើកឡើងថា កិច្ចសហប្រតិបត្តិការចិន -កម្ពុជាកាន់តែមានភាពស៊ីជម្រៅ លើគ្រប់វិស័យ រហូតដល់មានការឯកភាពពន្លឿនការកសាង “សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីគ្រប់រដូវកាល” នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០២៥។
លោកបន្តថា នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការខាងលើនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តន៍ នូវគម្រោងជាច្រើនជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា លើវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្ម អប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងវេជ្ជសាស្ត្រ ព្រមទាំងវិស័យមួយចំនួនទៀត។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បាននាំ នូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំនៃតំបន់ស្វយ័តក្វាងស៊ី និងមានប្រសាសន៍ថាថ្នាក់ដឹកនាំកម្ពុជា តែងតែអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ គឺជាលើកទី២ ដែលលោកឧបនាយករដ្ឋមន្រ្តីប្រចាំការបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
លោកវង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ចំពោះតំបន់ស្វយ័តក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ និងបានក្លាយជាមជ្ឈមណ្ឌល និងជាច្រកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសហគមន៍វាសនារួមចិន-អាស៊ាន។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងជាពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី និយាយដោយឡែក។
លោកបានលើកឡើងផងដែរថា “មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពដែលមិនអាចខ្វះគ្នាបាន ហើយបានចាក់ឫសជ្រៅ នៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេសទាំងពីរ”។លោកបន្ថែមថា “ការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើគ្រប់វិស័យ នៅក្នុងរយៈពេលប្រមាណ៣០ឆ្នាំកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់បាន ពីការរួមចំណែករបស់ប្រទេសចិនបានឡើយ”៕








