ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា “បើគ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន”។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបែបនេះ ក្នុងពេល អញ្ជើញធ្វើបទបាឋកថាស្តីពី “សក្តានុពលវិស័យទេសចរណ៍កម្ពុជា និងភាពប្រកួតប្រជែងក្នុងតំបន់ “ជូនឯកឧត្តម លោក លោកស្រី គណៈគ្រប់គ្រងសាលា និងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងដើម្បីចែករំលែកពុទ្ធិសំខាន់ៗ និងជាការរួមចំណែកក្នុងការបណ្ដុះទឹកចិត្តដល់ លោក លោកជំទាវ លោក លោកស្រី ឱ្យបានយល់ច្បាស់អំពីសក្តានុពល នៃវិស័យទេសចរណ៍កម្ពុជា ដើម្បីបំផុសទឹកចិត្តឱ្យមានមោទនភាពជាតិ ឱ្យចេះស្រឡាញ់ ឱ្យចេះការពារ និងឱ្យចូលរួមទាំងអស់គ្នាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
ប្រធានបទបាឋកថានាព្រឹកនេះ គឺពិតជាមានសារសំខាន់ណាស់ ជាពិសេសសម្រាប់ប្អូនៗសិស្ស និសិ្សតទាំងអស់ ដែលកំពុងសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការបន្តវេន ជាយុវជនខ្មែរ ប្រជាជនខ្មែរ ត្រូវស្គាល់ពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃមរតកវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដីសុវណ្ណភូមិ ដែលបុព្វបុរសខ្មែរ គ្រប់ជំនាន់បានបន្សល់ទុក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សហគមន៍ជាតិ និងអន្តរជាតិ៕









