ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងបានរៀបចំកិច្ចពិភាក្សាស្តីពី (Master Class)៖ ស្តីពី “ការកសាងកម្ពុជាឌីជីថលដ៏ឆ្លាតវៃ និងសុវត្ថិភាព៖ យុវជន នវានុវត្តន៍ និងទំនុកចិត្តក្នុងយុគសម័យAI” និងវេទិកាកិច្ចពិភាក្សាដេញដោលរបស់យុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើប្រធានបទ៖ ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីថ្លែងសុន្ទរកថាពី លោកជំទាវជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក Michal Mazur នាយកផ្នែក Global Expansion នៃក្រុមហ៊ុនZen.com ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។
កិច្ចពិភាក្សា (Master Class)នេះ គឺព្រឹត្តិការណ៍អមដែលធ្វើឡើងនៅក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២” ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” ធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាស៊ីជម្រៅទៅលើប្រធានបទសំខាន់ៗ។
ប្រធានបទទាំងនោះរួមមាន៖ ប្រធានបទទី១៖ ដំណើរឆ្ពោះទៅសកល៖ បង្កើនការយល់ដឹងលើការពង្រីកអាជីវកម្ម ទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយវាគ្មិនជំនាញប្រកបដោយបទពិសោធន៍ខ្ពស់ ក្នុងវិស័យពាណិជ្ជកម្មឌីជីថល ដូចជា៖ លោក ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម លោកទា ធារី អនុប្រធានក្រុមហ៊ុន OCIC Group ក្រោមកិច្ចសម្របសម្រួលដោយ លោកសំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ដោយឡែកប្រធានបទទី២ គឺកិច្ចពិភាក្សាស្តីពី៖ របៀបបង្កើនប្រាក់ចំណូលជាមួយបណ្តាញសង្គម ដោយមានការចូលរួមវាគ្មិនកិត្តិយសពី លោក Hubert Marchand គ្រូបណ្តុះបណ្តាល Facebook នៃប្រធានតំបន់នៃ Growth Customer Engagement នៃក្រុមហ៊ុន ADA Global លោក ហេង ពុធីរៈ នាយកគ្រប់គ្រងដំណោះស្រាយអតិថិជននៃក្រុមហ៊ុន Aleph Cambodia លោកជំទាវវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងឱសថស្ថាន ដេវ៉ាល់ដា និងកញ្ញា សេង រ័ត្នសេដ្ឋាមុនី សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនBamnang ជាដើម៕










