ដោយៈ ម៉ាណា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានជួបប្រជុំ ពិគ្រោះយោបល់ ជាមួយតំណាងអអ្គការសហប្រជាជាតិ(UN) និងទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាស ដែលធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិនៅកម្ពុជា រៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ មានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវបានសម្របសម្រួលដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា។
កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញ នូវវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពអាទិភាពចំនួន២២ ដែលបានអនុម័តក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
បន្ថែមលើនេះ ការសន្ទនានេះ ក៏បានបង្ហាញពីការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួនពីរ៖ (១) កិច្ចការពារអតិថិជន និង (២) ក្របខ័ណ្ឌលើកទឹកចិត្ត ដែលរួមបញ្ចូល ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់កម្ចី និងការប្រមូលកម្ចីត្រលប់មកវិញ។
បន្ទាប់ពីកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា នឹងចេញសេចក្តីថ្លែងការណ៏រួម ស្តីពី លទ្ធផលនៃកិច្ចសន្ទនានេះផងដែរ៕








