ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីយោធាអុីស្រាអែលបានវាយប្រហារលើមេដឹកនាំក្រុមហាម៉ាស់នៅប្រទេសកាតា។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យសហភាពអឺរ៉ុបដំឡើងពន្ធគយលើបណ្តាប្រទេស ដែលទិញប្រេងរបស់រុស្ស៊ី។
ប្រទេសអុីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារទៅលើថ្នាក់ដឹកនាំក្រុមហាម៉ាស់នៅទីក្រុងដូហា នៃប្រទេសកាតា ខណៈនាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman Al Thani បានអះអាងថា ការណ៍នេះបានគំរាមកំហែងដល់កិច្ចចរចាសន្តិភាពរវាងក្រុមហាម៉ាស់ និងអុីស្រាអែល។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យសហភាពអឺរ៉ុបដាក់ពន្ធ១០០ភាគរយលើការនាំចូលទំនិញមកពីប្រទេសចិន និងឥណ្ឌា ដែលជាយុទ្ធសាស្ត្រមួយដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៥សេនដល់៦៦,៧៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0033 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៦សេនដល់៦២,៩៩ដុល្លារក្នុងមួយបារ៉ែល៕







