ដោយៈ និស្ស័យ
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា និងសភាពាណិជ្ជកហ្វីលីពីននៅកម្ពុជា បានរៀបចំដោយជោគជ័យនូវ កិច្ចពិភាក្សាតុមូលប្រធាននាយកប្រតិបត្តិហ្វីលីពីន-កម្ពុជា។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។
កិច្ចពិភាក្សាតុមូលនេះ ប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ និងមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីជជែកពិភាក្សាលើការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងសុន្ទរកថា ដោយបង្ហាញពីជំនឿទុកចិត្ត លើទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ។
អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីសក្តានុពលរបស់កម្ពុជា ដែលជាប្រភពផ្គត់ផ្គង់ដ៏មានស្ថិរភាពនូវ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ទៅកាន់ទីផ្សារហ្វីលីពីន រួមចំណែកទ្រទ្រង់សន្តិសុខស្បៀងហ្វីលីពីន។
អ្នកឧកញ៉ាប្រធានសង្កត់ធ្ងន់ថា “កម្ពុជាគឺជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ដោយសារបរិយាកាសអំណោយផលដល់ធុរកិច្ច ស្ថិរភាពនយោបាយ និងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយភាពស្វាហាប់”។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)រវាងកម្ពុជានិងហ្វីលីពីន ដែលទើបនឹងចុះហត្ថលេខាថ្មីៗនេះ នឹងជួយលុបបំបាត់របាំងសារពើពន្ធ និងបង្កើតក្របខ័ណ្ឌច្បាស់លាស់ សម្រាប់ការវិនិយោគឆ្លងដែន៕









