ដោយៈ ម៉ាណា
ភ្នំពេញៈ ភាពខ្លាំងនៃភាគលាភប្រជាសាស្ត្រ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឡើងវិញ នូវឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដោយសេដ្ឋកិច្ចឌីជីថល ត្រូវបានព្យាករណ៍ថានឹងកើនឡើងពី១,៦២ ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដល់៤,៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០។
សេដ្ឋកិច្ចឌីជីថល នឹងផ្តល់កំណើនការងារទ្វេរដង ពីប្រមាណ១៤.០០០កន្លែងនាពេលបច្ចុប្បន្ន។
នៅក្នុងកិច្ចប្រជុំកំពូលមាតិការឌីជីថលអាស៊ាន ឆ្នាំ២០២៥ បានគូសបញ្ជាក់ឱ្យដឹងថា នៅទូទាំងពិភពលោក សេដ្ឋកិច្ចច្នៃប្រឌិតមានតម្លៃប្រមាណ២,២ ទ្រីលានដុល្លារអាមេរិក ដែលរួមចំណែកប្រហែល ៣%នៃសេដ្ឋកិច្ចពិភពលោក និងផ្តល់ការងារប្រមាណ៣០លានកន្លែងនៅក្នុងឧស្សាហកម្មនានា ដូចជាភាពយន្ត ភាពយន្តជីវចល ហ្គេម ការរចនា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
តំបន់អាស៊ី បានក្លាយជាមហាអំណាចមួយក្នុងវិស័យនេះ ដោយកូរ៉េខាងត្បូងបានកសាងឧស្សាហកម្ម មាតិកាវប្បធម៌ ដែលមានតម្លៃប្រមាណ១១៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ៣ ទសវត្សរ៍ ដោយផ្តល់ការងារជាង៦០០.០០០កន្លែង។
ប្រទេសជប៉ុនក៏មានភាពលេចធ្លោជាសកលផងដែរ ជាមួយនឹងឧស្សាហកម្មគំនូរជីវចល ហ្គេម ការរចនា ការតែងនិពន្ធ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កើតចំណូលរាប់ពាន់លានដុល្លារ និងកំពុងមានឥទ្ធិពលលើវប្បធម៌ពិភពលោក។
ចំណែកនៅកម្ពុជា ការអភិវឌ្ឍឡើងវិញនូវឧស្សាហកម្មច្នៃប្រឌិតរបស់ខ្លួន ដោយសេដ្ឋកិច្ចឌីជីថលត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១,៦២ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដល់៤,៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០ ហើយនឹងផ្តល់កំណើនការងារទ្វេរដង ពីប្រមាណ ១៤.០០០កន្លែងនាពេលបច្ចុប្បន្ន។
នៅក្នុងកិច្ចប្រជុំកំពូលនេះ លោកស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈប្រតិភូកម្ពុជា សម្រាប់កិច្ចប្រជុំកំពូលនេះ បានលើកឡើងថា សក្តានុពលនៃឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា គឺជំរុញដោយយុវជនជំនាន់ថ្មីដែលមានទេពកោសល្យ ចេះភាសាអង់គ្លេស និងចង់រៀនសូត្រ។
ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នករចនាកុំព្យូទ័រក្រាហ្វិក អ្នកផលិតភាពយន្ត ភាពយន្តជីវចល និងហ្គេម ដែលអាចនាំយករឿងរបស់កម្ពុជា ទៅកាន់វេទិកាតំបន់ និងពិភពលោក។
កម្ពុជា ក៏បានស្នើនូវគំនិតផ្តួចផ្តើមកម្រិតអាស៊ានចំនួន៤ រួមមានមូលនិធិអាស៊ានសម្រាប់ការសហការផលិត កម្មវិធីផ្លាស់ប្តូរបុគ្គលមានទេពកោសល្យក្នុងឧស្សាហកម្មច្នៃប្រឌិត បណ្តាញអាស៊ានសម្រាប់ការផ្តល់អាជ្ញាប័នផលិត និងការពារកម្មសិទ្ធបញ្ញា និងការបង្កើតថ្នាលមាតិកាអាស៊ានដើម្បីផ្សព្វផ្សាយ និងចែកចាយមាតិកាតំបន់ទៅដល់ពិភពលោក៕








