ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង បានជួបពិភាក្សាការងារជាមួយ លោកAndrei Konyushko អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មសាធារណរដ្ឋបេឡារុស តាមប្រព័ន្ធវីដេអូ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។
លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍គណៈប្រតិភូបេឡារុសយ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកអនុរដ្ឋមន្រ្តី ដែលទើបទទួលបានការចាត់តាំង ជាសហប្រធានសម្រាប់ភាគីបេឡារុស សម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-បេឡារុស។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃក្របខណ្ឌគណៈកម្មាធិការចម្រុះនេះ ដែលជាយន្តការសម្រាប់ពង្រឹងវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ដូចជាពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា អប់រំនិងវប្បធម៌ អាកាសចរស៊ីវិល និងហិរញ្ញវត្ថុ និងធនាគារជាដើម ព្រមទាំងសម្រាប់ស្វែងរកកាលានុវត្តភាពថ្មីៗនៅក្នុងវិស័យសក្តានុពលដទៃទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានអបអរសាទរដល់ការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-បេឡារុស និងបង្ហាញពីឆន្ទៈក្នុងការបន្តរក្សា និងជំរុញចំណងមិត្តភាពជាប្រពៃណីនេះ កាន់តែមានភាពប្រសើរឡើងបន្ថែមទៀត៕








