ដោយៈ និស្ស័យ
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក សមាជិកា និងលេខាធិការ នៃ គ.ស.ឯ.រ.ជ ចួលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធ របាយការណ៍ដែលសភាពាណិជ្ជកម្មកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះ ក៏មានវត្តមាន លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួល ក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) ព្រមទាំងសហការីពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់់ សហប្រធានក្រុមការងារ “ឃ” និងប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ទី១. ពិនិត្យ និងអនុម័ត ជាអាទិភាព ដល់សំណើសុំពិសេសនៅក្នុងតារាងម៉ាទ្រីស ត្រង់សរសរស្តម្ភទី១ (Pillar 1) ដែលពាក់ព័ន្ធនឹងការបើក ការសហការទូតអន្តរជាតិកម្រិតខ្ពស់ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើងវិញ។ ទី២. ប្រើប្រាស់យន្តការ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយប្រព័ន្ធផ្ទាំងព័ត៌មាន (Dashboard)ដើម្បី តាមដានវឌ្ឍនភាព ការអនុវត្ត និងការសម្របសម្រួល ចំពោះក្រុមការងាររបស់ក្រសួងទាំងអស់។
ទី៣. បង្កើតវេទិកា G-PSF FDI ក្រោមការសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីប្រមូលមតិយោបល់ និងគាំទ្រការស្តារជំនឿចិត្តឡើងវិញ ពីវិនិយោគិនបរទេស និងពិនិត្យលើសំណើផ្សេងៗទៀតផងដែរ៕








