ដោយៈ និស្ស័យ
ប្រទេសជប៉ុនៈ ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បី ដែលមានចំនួន១៦,៣២០ ទីតាំងនៅប្រទេសជប៉ុន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. ព្រមទាំង ក្រុមហ៊ុន ITOCHU Corporation។
ព័ត៌មានដ៏ល្អនេះ ត្រូវបានបង្ហាញក្នុងពេលលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជា ប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។
លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។
លោកជំទាវរដ្ឋមន្ត្រី ក៏បានអបអរសាទរ ចំពោះការចុះហត្ថលេខាលើឯកសារ Letter of Intent រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. និងឯកសារអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Mirarth Holdings Inc. ជាមួយដៃគូចំនួន៥ ក្នុងការជំរុញការនាំចូល និងចែកចាយស្វាយចន្ទីរកម្ពុជាមកទីផ្សារជប៉ុន នាឱកាសទិវាជាតិកម្ពុជា អមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
លោកអគ្គនាយកបានឲ្យដឹងថា ក្រុមហ៊ុន បានកំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម ហើយបច្ចុប្បន្នស្វាយចន្ទីកម្ពុជា បានចាប់ផ្តើមមានវត្តមានដាក់លក់បណ្តើរៗក្នុងផ្សារ Family Mart ចំនួន១៦,៣២០ ទីតាំងនៅក្នុងប្រទេសជប៉ុន៕











