ដោយៈ ម៉ាណា
ភ្នំពេញៈ សន្និធិបំណុលសាធារណៈរបស់កម្ពុជា គិតត្រឹមចុងឆមាសទី១ ឆ្នាំ ២០២៥ មានប្រមាណ១២ប៊ី(ពាន់)លានដុល្លារអាមេរិក ដែលចំនួននេះស្ថិតក្នុងភាពអាចគ្រប់គ្រងបាន។
ទំហំបំណុលនេះនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប”។ សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០២៥ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទាន ជាមួយដៃគូអភិវឌ្ឍនានាក្នុងទឹកប្រាក់សរុបជិត២០០លានដុល្លារអាមេរិក ថយចុះជិត៤០% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ក្នុងថ្ងៃទី២៦ ខែសីហា បង្ហាញថា ដោយគិតទាំងបំណុលមរតក នៅត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប១២,៦៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះ៩៩% ត្រូវនឹងប្រមាណ ១២,៥៤ ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគី ៦១% និងពហុភាគី៣៩%ភាគរយ) និង១% ត្រូវនឹងប្រមាណ១២៨,៥ លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។
សមាសភាគបំណុលសាធារណៈទាំងនោះ រួមមាន ៤៦% ជាដុល្លារអាមេរិក ចំនួន១៨% ជាអេសដេអ៊ែរ។ ១១% ជាយ៉េនជប៉ុន, ១០% ជាយ័នចិន។ ៨% ជាអឺរ៉ូ និង៧%ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
ឯកសារដដែលបានបញ្ជាក់ថា ឥណទាន(ប្រាក់កម្ចី)ទាំងនេះសុទ្ធសឹងជាឥណទាន មានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៣៦%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម។
ទន្ទឹមនឹងការចុះកិច្ចព្រមព្រៀងឥណទានខាងលើ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥ ក៏បានធ្វើការទូទាត់សេវាបំណុលបានសរុបចំនួន ២៩៦,៩៥លានដុល្លារអាមេរិកផងដែរ ដោយរួមមាន៖ ១.ក្របខណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមានប្រមាណ ២៦៧,៧ លានដុល្លារអាមេរិក(ប្រាក់ដើម ២១២,៣ លានដុល្លារអាមេរិក។ ការប្រាក់ និងប្រាក់កម្រៃផ្សេងៗ ៥៥,៤លានដុល្លារអាមេរិក) និង ២.ក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេស មានប្រមាណ ២៩,២៥ លានដុល្លារអាមេរិក(ប្រាក់ដើម ២៦,៨២លានដុល្លារអាមេរិក និងការប្រាក់ ២,៤៤លានដុល្លារអាមេរិក)។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការទូទាត់សេវាបំណុលសរុបក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះមានកំណើន២៩ភាគរយ”។
ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបានពោល គឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប”។លោកបន្ថែមថា “រាជរដ្ឋាភិបាលបានអនុវត្តន៍ ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់ នូវវិធានការជាយុទ្ធសាស្រ្តនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តស្តីពី ការគ្រប់គ្រងបំណុលសាធារណៈជាបន្តបន្ទាប់”។
លោកបញ្ជាក់ថា ការរក្សាបានចីរភាពបំណុលសាធារណៈនេះ គឺវាអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈដ៏រឹងមាំ៕









