ប្រាក់រៀលកម្ពុជាត្រូវបានដាក់បញ្ចូលក្នុងតារាងជួញដូររូបិយប័ណ្ណរបស់ក្រុមហ៊ុនTravelexនៅអាកាសយានដ្ឋានក្នុងប្រទេសអូស្រ្តាលី

ដោយៈ ម៉ាណា

    ប្រទេសអូស្រ្តាលីៈ ឧបការីទេសាភិបាល និងជាអគ្គបេឡា ធនា​គា​រជាតិនៃកម្ពុជា លោកលី ស៊ីដេត បានអញ្ជើញចូលរួមសម្ពោធការដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុនTravelex នៅអាកាសយានដ្ឋានអន្តរជាតិ មែលប៊ន ប្រទេសអូស្រ្តាលី។

ពិធីនេះមានការចូលរួមពី លោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំ (Head of Wholesale Banknotes & Cash Operations) ប្រចាំប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់នៃក្រុមហ៊ុនTravelex។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមព័ត៌មាន ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ធនាគារជាតិនៃកម្ពុជាបានឥ្យដឹងថា កិច្ចសហការរវាងធនា​គារជាតិនៃកម្ពុជា និងក្រុមហ៊ុនTravelex ក្នុងការដាក់ឱ្យមានការជួញដូរប្រាក់រៀល នៅប្រទេសអូស្រ្តាលីនេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលី ដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរទៅប្រទេសអូស្រ្តាលី អាចប្តូរប្រាក់រៀលយកប្រាក់ដុល្លារអូស្ត្រាលី ឬប្តូរប្រាក់ដុល្លារអូស្រ្តាលី យកប្រាក់រៀលបានងាយស្រួល ដែលនឹងរួមចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលី ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ទន្ទឹមនេះ វត្តមានប្រាក់រៀល នៅលើតារាងជួញដូរក្នុងប្រទេសអូស្រ្តាលី ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់កាន់តែទូលំទូលាយលើប្រាក់រៀល។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀលអស់រយៈពេលជាងពីរទសវត្សកន្លងមក។

ធនាគារជាតិបញ្ជាក់ថា​ “នេះជាលើកទីបួនហើយ ដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូរ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីនៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី”។

ធនាគារជាតិនៃកម្ពុជា នឹងបន្តសិក្សាពីលទ្ធភាពដាក់ប្រាក់រៀលក្នុងតារាងជួញដូរ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ផ្សេងៗទៀតនៅលើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here