ដោយៈ ម៉ាណា
ភ្នំពេញៈ អង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ(FAO)បានព្យាករណ៍ថា ទិន្នផលស្រូវនៅកម្ពុជា សម្រាប់រដូវកាលឆ្នាំ២០២៥-២០២៦ នឹងប្រមូលបានប្រមាណ១៣,៩លានតោន ដោយកើនឡើងខ្ពស់ ជាងមធ្យមភាគ៥ឆ្នាំចុងក្រោយប្រមាណ១០%។
ជាមួយគ្នានេះ ដំណាំពោតក្រហម ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតចំណីសត្វ អាចប្រមូលបានប្រមាណ ១,៤ លានតោន។
ការព្យាករបឋមរបស់FAO កាលពីថ្ងៃទី ២៥ ខែសីហា បានឱ្យដឹងថា ការដាំដំណាំស្រូវនៅរដូវវស្សា ឆ្នាំ២០២៥-២០២៦ ដែលមានចំនួនប្រហែល៧០% នៃការដាំដុះប្រចាំឆ្នាំ ត្រូវគេរំពឹងថានឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៥ នេះ។
យោងតាមការប៉ាន់ប្រមាណ គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥ ផ្ទៃដីប្រហែល២,៧លានហិកតា ត្រូវបានដាំដុះដំណាំស្រូវ ដែលចំនួននេះគឺជិតដល់កំណត់ត្រា នារយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
អង្គការបានបន្តទៀតថា រដូវខ្យល់មូសុងពីខែឧសភា ដល់ខែតុលា បានចាប់ផ្តើម ទាន់ពេលវេលានៅដើមខែឧសភា ហើយបរិមាណទឹកភ្លៀងជាមធ្យមកើនលើសមធ្យម រហូតដល់ដើមខែសីហា នៅបណ្តាខេត្តដែលផលិតស្រូវសំខាន់ៗ ដែលនេះនឹងជួយដល់ការបង្កបង្កើនផល។ ផ្ទុយទៅវិញ នៅតំបន់ភាគខាងជើងមួយចំនួន បរិមាណទឹកភ្លៀងក្នុងខែកក្កដា និងសីហា មានកម្រិតទាបជាងមធ្យមភាគ ដែលរារាំងដល់សកម្មភាពដាំដុះ និងប៉ះពាល់ដល់ការដាំដំណាំដំបូងៗ។
ដំណាំស្រូវរដូវប្រាំងក្នុងឆ្នាំ២០២៥-២០២៦ ដែលមានចំនួនប្រហែល៣០% នៃទិន្នផលប្រចាំឆ្នាំ នឹងត្រូវដាំដុះចាប់ពីខែវិច្ឆិកា តទៅ។ ផលិតកម្មស្រូវសរុបក្នុងឆ្នាំ២០២៥-២០២៦ ត្រូវបានព្យាករបឋមថា នឹងមានចំនួន១៣,៩លានតោន ដោយកើនឡើងប្រហែល ១០% លើសពីមធ្យមភាគរយៈពេល៥ឆ្នាំចុងក្រោយ។
ដោយឡែកពោតក្រហម ត្រូវបានFAO បញ្ជាក់ថា ការដាំដំណាំពោតនៅរដូវវស្សា ឆ្នាំ២០២៥-២០២៦ ដែលមានចំនួនប្រហែល ៨០% នៃទិន្នផលប្រចាំឆ្នាំត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងខែសីហានេះ។
បញ្ហាខ្វះខាតទឹកក្នុងតំបន់ខ្លះ នៃខេត្តបាត់ដំបង និងការធ្លាក់ចុះសំណើមក្នុងតំបន់មួយចំនួន នឹងជះឥទ្ធិពលអវិជ្ជមានដល់ទិន្នផល ជាពិសេសដំណាំដែលដាំដំបូង(ដំណាំពោត ត្រូវបានកសិករដាំដុះចំនួន ២ដងក្នុង១ឆ្នាំ)។ ដំណាំពោតក្រហមរដូវប្រាំងបន្ទាប់បន្សំឆ្នាំ ២០២៥-២០២៦ ដែលស្មើនឹង២០%នៃទិន្នផលប្រចាំឆ្នាំ នឹងត្រូវដាំនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦។
ទិន្នផលពោតក្រហមសរុបក្នុងឆ្នាំ ២០២៥-២០២៦ ត្រូវបានព្យាករជាបឋមថា នឹងច្រើនជាង១,៤លានតោន៕









