ពាណិជ្ជកម្មកម្ពុជា វៀតណាមនឹងសម្រេចបានកំនើនខ្ពស់ ខណៈរយៈពេល៧ខែពាណិជ្ជកម្មទេភាគីកើនឡើងជិត៥ពាន់លានដុល្លារ

ដោយៈ ម៉ាណា

ភ្នំពេញៈ ប្រទេសកម្ពុជា-វៀតណាម កំពុងខិតខំ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ទ្វេភាគី ​ឱ្យ​កាន់​តែ​មមាញឹក​បន្ថែម​ទៀត ស្របពេលទំហំពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​រយៈ​ពេល៧​ខែ​​ឆ្នាំ​២០២៥នេះ ​សម្រេចបាន​ជិត៥ពាន់លាន​ដុល្លារ។

ថ្លែងនៅ​​ក្នុង​ “កម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម” ដែល​រៀបចំ​នៅ​កម្ពុជា កាល​ពីសប្តាហ៍មុន លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយ​ថា ទំនាក់​ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា-​វៀតណាម កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ជំរុញ​​កិច្ច​សហប្រតិបត្តិការទ្វេភា​គី​ ឱ្យ​បោះ​ជំហាន​ទៅ​មុខកាន់​តែ​លឿន​នៅ​​គ្រប់​វិស័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែង​ថា “​វេទិកាជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម ពិតជាមានតម្លៃ និងជាឱកាសដែលអនុញ្ញាតឱ្យ​ភាគីទាំង២ បានជួបគ្នា និង​រួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រម​ទាំង​លើកកម្ពស់កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យយុទ្ធសាស្ត្រនានា ឱ្យបានកាន់តែល្អប្រសើរ ជាពិសេសវិស័យសក្តានុពល​​ដូច​ជា កសិកម្ម កសិ-ឧស្សាហកម្ម ភស្តុភារកម្ម និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់​”។

បន្ថែម​លើ​នេះ លោក ស៊ាង ថៃ ក៏​បាន​លើកឡើង​ពី​ការ​ប្រែប្រួលដ៏លឿន​នៃបរិបទ​​ភូមិសាស្រ្តនយោបាយ និង​​សេដ្ឋកិច្ច​សកល ដែល​តម្រូវ​ឱ្យ​ប្រទេស​នីមួយ​ៗ ​ត្រូវ​ខិតខំ​កសាង​​មិត្តភាព និង​ទំនុក​ចិត្ត​ជាមួយ​គ្នា​ទៅ​វិញ​ទៅមក ​តាម​រយៈ​ការ​​កសាងបណ្តាញពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ការ​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើនតម្លៃបន្ថែមនៃផលិតកម្មកសិកម្ម ដែល​កិច្ចខិតខំប្រឹងប្រែងទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាជន។

យោងតាម​ក្រសួងពាណិជ្ជកម្ម កម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សហគ្រិន ពាណិជ្ជករ អាជី​វករ និងធុរជន កម្ពុជា-វៀតណាម មានឱកាសបានសិក្សាស្វែងយល់ ចែករំលែកគំនិត បង្កើតភាពជាដៃគូពាណិជ្ជកម្ម រវាងពាណិជ្ជករនៃប្រទេសទាំងពីរ ដើម្បី​ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និង​ជំរុញ​កិច្ច​​សហប្រតិបត្តិការផ្នែក​ពាណិជ្ជកម្ម ​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​។

ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង លោក សុក រ៉ាដូ បានលើកឡើងថា ជំនួបពាណិជ្ជកម្មនេះ គឺ​ដើម្បី​ពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងកៀងគរការវិនិយោគ តាមរយៈការផ្គូរផ្គង ចាប់ដៃគូពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ក្នុងដំណើរការពាណិជ្ជកម្ម ផលិតកម្ម និងការកែច្នៃ ក៏ដូចជាឱកាសពិសេ​សមួយ ក្នុងការដាក់បង្ហាញផលិតផលទៅវិញ ទៅមករវាងកម្ពុជា-វៀតណាម។

យោងតាមទិន្នន័យ​​កត់​ត្រា ​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)បាន​បង្ហាញថា ​ក្នុងរយៈពេល៧ ខែ (មករា-កក្កដា) ឆ្នាំ ២០២៥ ការ​នាំចូល នាំចូល​ទំនិញ​រវាង​កម្ពុជា-វៀតណាម មាន​ទឹក​ប្រាក់សរុប៤,៩៥ ពាន់​លាន​ដុល្លារ កើនឡើង៧,៥% ធៀបនឹងរយៈ​ពេល​ដូច​គ្នា​​​កាលពីឆ្នាំមុន។ ក្នុង​ចំនួន​នេះ​កម្ពុជា​​​នាំទំនិញទៅវៀតណាម ២,៤៣ ពាន់លាន​ដុល្លារ កើនឡើង ១០,៤% ចំណែកវៀតណាមនាំមកវិញ ២,៥១ ពាន់លាន​ដុល្លារ កើន ៤,៨%៕

LEAVE A REPLY

Please enter your comment!
Please enter your name here