ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Idwan Suhardi Bin Hakim នាយកប្រតិបត្តិថ្មីរបស់មណ្ឌលបោះឆ្នោតប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEAVG) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។
ទស្សនកិច្ចរបស់លោក Idwan Suhardi Bin Hakim ធ្វើឡើងក្នុងអំឡុងពេល ដែលក្រុមការងារបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មកបំពេញបេសកកម្មនៅកម្ពុជា ជាឱកាសល្អក្នុងការស្វែងយល់ពីអាទិភាព និងសំណូមពរនានា របស់ធនាគារជាតិនៃកម្ពុជា ដែលជាសមាជិកមួយរបស់ SEAVG។
ក្នុងជំនួបនេះ លោកIdwan Suhardi Bin Hakim ក៏បានលើកសរសើរពីវឌ្ឍនភាព ដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជា និងសក្តានុពលសេដ្ឋកិច្ចកម្ពុជាផងដែរ។
នាឱកាសនេះ លោកជំទាវ ទេសាភិបាល បានស្វាគមន៍លោក Idwan Suhardi Bin Hakim ដែលជានាយកប្រតិបត្តិថ្មីរបស់SEAVG ហើយបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ប្រព័ន្ធធនាគារកម្ពុជា និងកត្តាប្រឈមមួយចំនួន។
ទន្ទឹមនេះ លោកជំទាវក៏បានគូសបញ្ជាក់ ពីការស្វាគមន៍នូវអនុសាសន៍ គោលនយោបាយសេដ្ឋកិច្ចចម្បងៗ និងបានរំលេចពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើនសមត្ថភាពស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងសារៈសំខាន់ នៃកិច្ចសហការស្រាវជ្រាវរួមគ្នាផងដែរ។
បន្ថែមលើនេះ លោកជំទាវក៏បានរំលេច ពីកត្តាអំណោយផលនៃប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយរំពឹងថានឹងផ្តល់ភាពទាក់ទាញដល់ទេសចរបរទេស និងវិនិយោគិនសក្តានុពលឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត៕









