រថយន្តប្រភេទថ្មីមួយទៀតបង្ហាញវត្តមាននៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម លោកកឹម ស៊ីថន បានអញ្ជើញជាអធិបតីក្នុង “ពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តទំនើបម៉ាក LYNK & CO”។

លោករដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវអំណរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ZDG ចំពោះការរីកចម្រើន និងការពង្រីកធុរកិច្ចរបស់ខ្លួន ជាពិសេសការសម្រេចចិត្តដាក់ទុន ក្នុងការនាំចូលនូវរថយន្តទំនើបម៉ាក LYNK & CO  មកកាន់ទីផ្សារកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោករដ្ឋលេខាធិការប្រចាំការ បានកត់សម្គាល់អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋ​ និងវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ជាក់ស្តែង វត្តមានរបស់ក្រុមហ៊ុនអន្តរជាតិ ដែលមានភាពច្នែប្រឌិតខ្ពស់ ដូចជា រថយន្តទំនើបម៉ាក LYNK & CO នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗ របៀបរស់នៅបែបទំនើប និងឱកាសអភិវឌ្ឍន៍ថ្មីៗ ដែលបានចូលរួមចំណែកដល់ ការលើកកម្ពស់សុខមាលភាព និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ តាមរយៈការធានាបាននូវគុណភាព តម្លៃសមរម្យ ការសន្សំសំចៃ ជាមួយនិងភាពសំបូរ បែប ស្របតាមជម្រើសនិងតម្រូវការ។

លោកកឹម ស៊ីថនបានបន្តថា ដើម្បីជំរុញការប្រកួតប្រជែងស្មើភាព ក្នុងគោលដៅជំរុញ បង្កើតមុខទំនិញនិងសេវាកម្មថ្មីៗ បង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងគណៈកម្មាធិការប្រកួតប្រជែ​ងកម្ពុជា បានដាក់ចេញនិងអនុវត្តន៍ នូវវិធានការសំខាន់ៗជាច្រើន រួមមាន ទី១.ការជំរុញទំនាក់ទំនងធុរកិច្ចដោយស្មើភាព និងស្មោះត្រង់តាមរយៈ ការទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងនឹងសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌។

ទី២.ការរៀបចំយន្តការ និងនីតិវិធីការដោះស្រាយតាមការចរចារចំពោះបទល្មើសក្រោមច្បាប់ ស្តីពីការប្រកួតប្រជែង សំដៅធានាធានាប្រសិទ្ធភាពពេលវេលា ចំណាយ ធានាភាពបត់បែន ទី៣.ការរៀបចំយន្តការនិងនីតិវិធីផ្តល់លទ្ធភាព ដល់ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច ក្នុងគោលបំណងផ្តល់នូវការទទួលស្គាល់ និងភាពស្របច្បាប់ក្នុងការរួមបញ្ចូលគ្នានៃធុរកិច្ច។

ទី៤.ការដោះស្រាយវិវាទ កម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព តាមរយ:តុលាការ និងលើកកម្ពស់ យន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាក្រៅប្រព័ន្ធតុលាការ ទី៥. ការពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យកាន់តែប្រសើរ ទី៦.ការពង្រឹងសមត្ថភាពប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជន អ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here