ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីកម្ពុជា ចិនបានចុះចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីសុវត្ថិភាពនាវាចរណ៍ រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃកម្ពុជា និងរដ្ឋបាលសុវត្ថិភាពនាវាចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះមានការចូលរួមពីលោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំប្រតិភូរបស់អគ្គនាយកដ្ឋាន ចូលរួមពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីសុវត្ថិភាពនាវាចរណ៍ ជាមួយរដ្ឋបាលសុវត្ថិភាពនាវាចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។
ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស សម្រាប់លើកកម្ពស់សុវត្ថិភាពនាវាចម្លង ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ការត្រួតពិនិត្យសុវត្ថិភាពនាវា ការការពារបរិស្ថាន និងការអភិវឌ្ឍនៃការដឹកជញ្ជូនបៃតង បង្កើនសមត្ថភាពនាវិក សម្រាប់នាវាចម្លងក្នុងស្រុក ការធានាសុវត្ថិភាពនាវាចរណ៍ កិច្ចការនាវាចរណ៍សមុទ្រអន្តរជាតិ ព្រមទាំងវិស័យផ្សេងទៀត ដែលបានព្រមព្រៀងគ្នាទៅវិញទៅមក៕









