ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីកំពុងរៀបចំផែនការ និងដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីពន្លឿនការសាងសង់គម្រោងលំនៅដ្ឋាន ខណៈប្រទេសនេះនៅតែបន្តជួបប្រទះវិបត្តិខ្វះខាតលំនៅដ្ឋាន។
វិធានការនានា ដែលទទួលបានការអនុវត្តភ្លាមៗ រួមមានដូចជា ការពន្លឿនការវាយតម្លៃការសាងសង់លំនៅដ្ឋានថ្មីចំនួនជាង២៦.០០០យូនីត និងការផ្អាកការកែប្រែច្បាប់សំណង់ដើម្បីជំរុញការអនុម័តគម្រោងលំនៅដ្ឋានឱ្យបានលឿនឆាប់រហ័ស។
ជាពិសេស រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីគ្រោងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ក្នុងគោលបំណងជួយអនុវត្តន៍វិធានការបន្ទាន់ទាំងនោះ។
លោកស្រី Clare O’Neil រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានអូស្ត្រាលីបានលើកឡើងថា “ការសាងសង់ផ្ទះនៅប្រទេសនេះពិតជារឿងលំបាក។ យើងស្នើឱ្យបណ្តាអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះមានគុណភាពល្អ ហើយរដ្ឋាភិបាលនឹងជួយសម្រាលផ្នែកបទប្បញ្ញត្តិ”។
រដ្ឋាភិបាលអូស្ត្រាលីគ្រោងស្នើឱ្យបណ្តាមូលនិធិសោធននិវត្តន៍បោះទុនវិនិយោគបន្ថែមទៀតលើទីផ្សារលំនៅដ្ឋាន ដែលអាចចាក់បញ្ចូលទំហំទឹកប្រាក់ចំនួនជាង៨ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណ៥,២ពាន់លានដុល្លារអាមេរិក) ទៅក្នុងទីផ្សារ។
កន្លងមក ការផ្គត់ផ្គង់លំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលីបានទទួលរងផលប៉ះពាល់ ដោយសារការកើនឡើងនៃថ្លៃដើមសំណង់ និងការជាប់គាំងនៃគម្រោងលំនៅដ្ឋាន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩៕ប្រភព: Bloomberg៕








