ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានកើនឡើងជិត២ភាគរយកាលពីថ្ងៃចន្ទម្សិលមិញ ខណៈក្រុមអ្នកវិនិយោគកំពុងឃ្លាំមើលការវិវឌ្ឍន៍ក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ កំដៅភាពតានតឹងអាចបង្កជាផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់រុស្សុី។
ការកើនឡើងនៃតម្លៃប្រេងឆៅកាលពីថ្ងៃចន្ទម្សិលមិញ ត្រូវបានជំរុញជាចម្បងដោយសារការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ ក្រោយពេលអ៊ុយក្រែនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ហើយក្រុមអ្នកវិនិយោគបានរំពឹងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើការនាំចេញប្រេងរបស់រុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៦សេនមកនៅត្រឹម៦៨,៦៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៦សេនដូចគ្នាមកនៅត្រឹម៦៤,៦៤ដុល្លារក្នុងមួយបារ៉ែល៕







