ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីប្រទេសអ៊ុយក្រែនបានបង្កើនការវាយប្រហារលើរុស្ស៊ី ដោយនាំឱ្យមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីអាចនឹងរងផលប៉ះពាល់។
ក្រុមមន្ត្រីរុស្សុីអះអាងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានធ្វើឱ្យសមត្ថភាពរបស់រ៉េអាក់ទ័រនៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់រុស្ស៊ីដាំក្បាលចុះ និងបានបង្កឱ្យមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឯស្ថានីយនាំចេញប្រេងឥន្ធនៈ Ust-Luga ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦សេនដល់៦៧,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0050 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៩សេនដល់៦៣,៧៥ដុល្លារក្នុងមួយបារ៉ែល៕







