ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ខណៈសហរដ្ឋអាមេរិកមិនបានដាក់សម្ពាធបន្ថែមដើម្បីបង្ខំឱ្យប្រទេសរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះទេ ដោយការអនុវត្តវិធានការបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកមិនចាំបាច់ដាក់ពន្ធលើប្រទេសដែលទិញប្រេងពីរុស្ស៊ី រួមមានដូចជា ប្រទេសចិននៅពេលនេះទេ។ ប៉ុន្តែ លោកប្រហែលជាអាចពិចារណាចំពោះលទ្ធភាពនេះក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។
ការអធិប្បាយរបស់លោក ត្រាំ បានជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសរុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៦សេនមកនៅត្រឹមដល់៦៥,៥៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0028 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៨សេនដល់៦២,៦២ដុល្លារក្នុងមួយបារ៉ែល៕







