ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិកបានបោះទុនវិនិយោគចំនួន៤,៩៧ពាន់លានដុល្លារអាមេរិកនៅក្នុងទីផ្សារអចលនទ្រព្យរបស់តំបន់អាសុីប៉ាសុីហ្វិកចាប់ពីខែមេសារហូតដល់ខែមិថុនា ឆ្នាំ២០២៥ ហក់ឡើង៣១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
បណ្តាអ្នកវិនិយោគអាមេរិកបានគ្របដណ្តប់ចំណែក៤១ភាគរយនៃការវិនិយោគឆ្លងដែនសរុប(cross-border investment)ដែលហូរចូលទីផ្សារអចលនទ្រព្យរបស់តំបន់អាសុីប៉ាសុីហ្វិកក្នុងត្រីមាសទី២។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។
លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Knight Frank បានអះអាងថា បណ្តាអ្នកវិនិយោគអាមេរិកមានភាពសកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះទីផ្សាររបស់តំបន់នេះកំពុងរីកលូតលាស់ ព្រមទាំងមានតុល្យភាពរវាងសក្តានុពល និងស្ថិរភាព។
លោកស្រីបន្តថា បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្តល់នូវតម្លៃ និងផលចំណេញដ៏គួរឱ្យទាក់ទាញ។ ជាពិសេស ការវិនិយោគផ្នែកការិយាល័យ លំនៅដ្ឋាន និងមជ្ឈមណ្ឌលទិន្នន័យបានទាក់ទាញបណ្តាអ្នកវិនិយោគអាមេរិក។
ជាមួយគ្នានេះ នាពេលថ្មីៗកន្លងទៅ ធនាគារកណ្តាលរបស់បណ្តាប្រទេសជាច្រើននៅតំបន់អាសុីបានកាត់បន្ថយអត្រាការប្រាក់ ដែលការណ៍នេះបានធ្វើឱ្យជនបរទេសមានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគក្នុងតំបន់អាសុី។
យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី ជាគោលដៅវិនិយោគលំដាប់កំពូលក្នុងតំបន់អាសុី ដោយសារបណ្តាប្រទេសទាំង៣នេះ អនុវត្តន៍បទប្បញ្ញត្តិនានាប្រកបដោយតម្លាភាព និងមានសាច់ប្រាក់ងាយស្រួលយ៉ាងច្រើនក្នុងទីផ្សារ៕ប្រភព: SCMP៕









