ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងសម្រេចបានភាពជោគជ័យដូចទៅនឹងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាបរួម(UAE) ក្នុងការទាក់ទាញបណ្តាអ្នកវិនិយោគអចលនទ្រព្យបរទេស បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសនេះបានបន្ធូរបន្ថយច្បាប់ស្តីពីការទិញផ្ទះដោយជនបរទេស។
យោងតាមច្បាប់ថ្មីបានចែងថា រដ្ឋាភិបាលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតអនុញ្ញាតឱ្យជនបរទេសអាចទិញអចលនទ្រព្យនៅក្នុងតំបន់មួយចំនួន ដែលខ្លួនបានកំណត់(Designated zones)។ ច្បាប់នេះនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៦ខាងមុខ។
លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យ Juwai IQI បានលើកឡើងថា “ច្បាប់ថ្មីនេះនឹងផ្តល់ឱ្យជនបរទេសនូវផ្លូវច្បាប់ច្បាស់លាស់ក្នុងការកាន់កាប់អចលនទ្រព្យនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាលើកដំបូង”។
លោក Ansari បានមានប្រសាសន៍ឱ្យដឹងបន្តថា រាជធានីរីយ៉ាដ (Riyadh) និងទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអូឌីត ផ្តល់សក្តានុពលខ្ពស់ជាងទីក្រុងឌូបៃ និងទីក្រុងអាប៊ុយដាប៊ីនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។
តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុង Jeddah មានទំហំទឹកប្រាក់ចំនួន១០០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ ខណៈតម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុងរីយ៉ាដមានទំហំទឹកប្រាក់ចំនួន១២៣ដុល្លារក្នុងមួយហ្វីតការ៉េ។ យោងតាមទិន្នន័យបានឱ្យដឹងថា ជនបរទេសកាន់កាប់ផ្ទះចំនួនប្រហែល៤៣ភាគរយនៃចំនួនផ្ទះសរុបទាំងអស់នៅក្នុងទីក្រុងឌូបៃ។
ការលក់ផ្ទះនៅក្នុងទីក្រុងឌូបៃ ដែលមានតម្លៃជាង២,៧លានដុល្លារអាមេរិកក្នុងមួយយូនីតបានហក់ឡើង១០ដងដល់ចំនួន៤.៦៧០យូនីតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។ នៅត្រីមាសទី១ នៃឆ្នាំ២០២៥នេះ ការលក់ផ្ទះប្រភេទនេះសម្រេចបានចំនួន១.៣០០យូនីត ហក់ឡើង៣១ភាគរយបើធៀបនឹងឆ្នាំមុន៕ប្រភព: SCMP៕










