ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយបានធ្លាក់ចុះជាង១ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈអត្រាពន្ធគយខ្ពស់ថ្មីរបស់សហរដ្ឋអាមេរិកអាចកាត់បន្ថយសកម្មភាពសេដ្ឋកិច្ច និងតម្រូវការប្រេងលើពិភពលោក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤សេន ឬ០,០៦ភាគរយដល់៧១,៧៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 1201 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១សេន ឬ០,០១ភាគរយដល់៦៩,២៧ដុល្លារ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដាក់អត្រាពន្ធចាប់ពី១០ភាគរយទៅ៤១ភាគរយលើការនាំចូលទំនិញពីដៃគូជាច្រើន រួមទាំងប្រទេសកាណាដា ឥណ្ឌា និងកោះតៃវ៉ាន់ ដែលមិនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រឹមថ្ងៃកំណត់ទី១ ខែសីហា៕







