ដោយ: គង់ លាងហួរ
អន្តរជាតិ: ទស្សនវិស័យសេដ្ឋកិច្ចរបស់ពិភពលោកក្នុងឆ្នាំ២០២៥នេះបានធ្លាក់ក្នុងភាពមិនប្រាកដប្រជា ស្របពេលមានសង្គ្រាមរវាងរុស្សុី-អ៊ុយក្រែននៅតំបន់អឺរ៉ុប និងជម្លោះនៅក្នុងតំបន់មជ្ឈឹមបូព៌ា បូករួមទាំងសង្គ្រាមពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ។
ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកនៅត្រឹម២,៣ភាគរយ ក្នុងឆ្នាំ២០២៥ ដែលជាអត្រាកំណើនទាបបំផុតចាប់តាំងពីឆ្នាំ២០០៨។ ការទម្លាក់ការព្យាករណ៍នេះបណ្តាលមកពីភាពតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជាខាងគោលនយោបាយ។
កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះយ៉ាងគំហុកពីក្នុងរង្វង់២,៨ភាគរយកាលពីឆ្នាំ២០២៤ មកនៅត្រឹម១,៥ភាគរយទៅ១,៦ភាគរយ នៅក្នុងឆ្នាំ២០២៥នេះ ដោយសារតែការថយចុះនូវតម្រូវការប្រើប្រាស់ អតិផរណា និងបញ្ហាពន្ធគយពាណិជ្ជកម្ម។
អត្រាអតិផរណានៅក្នុងប្រទេសមហាអំណាចលេខ១ ត្រូវបានគេព្យាករណ៍ថា នឹងនៅតែបន្តមានកម្រិតខ្ពស់ ដោយសារការដំឡើងពន្ធគយលើការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក និងភាពតានតឹងនៃទីផ្សារការងារ។
ដោយឡែក សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងរង្វង់៥,៣ភាគរយនៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ដោយសារកំណើននៃការនាំចេញ និងកិច្ចខិតខំប្រឹងប្រែងជំរុញគោលនយោបាយសារពើពន្ធ។
ទោះបីជាយ៉ាងណាក្តី ការប្រើប្រាស់ក្នុងស្រុកនៅតែបន្តថយចុះ ខណៈវិស័យអចលនទ្រព្យក្នុងប្រទេសចិនស្ថិតក្នុងភាពជាប់គាំង និងអតុល្យភាពផ្សេងៗទៀត។ហេតុនេះ រដ្ឋាភិបាលចិនត្រូវធ្វើកំណែទម្រង់សេដ្ឋកិច្ចដើម្បីរក្សាសន្ទុះសេដ្ឋកិច្ចរហូតដល់ឆមាសទី២។
វឌ្ឍនភាពកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូមានភាពយឺតយ៉ាវ ខណៈសេដ្ឋកិច្ចនៅតំបន់នេះត្រូវបានគេព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនចន្លោះពី១ភាគរយទៅ១,៣ភាគរយនៅឆ្នាំ២០២៥។
អត្រាអតិផរណានៅតំបន់នេះកំពុងវិលត្រឡប់ទៅរកគោលដៅរបស់ធនាគារកណ្តាលអឺរ៉ុប។ ការណ៍នេះនឹងបើកឱកាសសម្រាប់ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ទោះបីជាការថយចុះនូវតម្រូវការក្នុងស្រុក និងការនាំចេញ បានបន្តបង្កជាឧបសគ្គយ៉ាងណាក្តី។
ប្រទេសឥណ្ឌានៅតែជាប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត ខណៈសេដ្ឋកិច្ចឥណ្ឌាត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាចន្លោះពី៥,៩ភាគរយទៅ៦,៧ភាគរយ ក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវឋានៈជាប្រទេសមានសេដ្ឋកិច្ចធំ និងរីកលូតលាស់លឿនបំផុតនៅទូទាំងពិភពលោក។
បណ្តាប្រទេសនានានៅតំបន់អាស៊ីខាងត្បូង ជាទូទៅ នឹងអាចសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រហែល៦ភាគរយ ទោះបីជាប្រទេសទាំងនោះប្រឈមមុខនឹងការធ្លាក់ចុះនៃការវិនិយោគ ទីផ្សារការងារ និងភាពងាយរងគ្រោះនឹងអាកាសធាតុយ៉ាងណាក្តី៕ប្រភព: World Bank៕










