តម្លៃអាផាតមុិននៅទីក្រុងហូជីមិញក្នុងឆមាសទី១ ហក់ឡើង ខណៈអាផាតមុិនក្នុងគម្រោងបើកដំណើរការថ្មីមានតម្លៃថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានរាយការណ៍ថា ទីក្រុងហូជីមិញនៅប្រទេសវៀតណាមមិនទទួលបានការផ្គត់ផ្គង់គម្រោងអាផាតមុិន ដែលមានតម្លៃក្រោម៤០លានដុងក្នុងមួយម៉ែត្រការ៉េ (ប្រមាណ១.៥០០ដុល្លារ)គិតត្រឹមឆមាសទី១ ឆ្នាំនេះ។

ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ ទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតក្នុងប្រទេសវៀតណាមទទួលបានគម្រោងថ្មីចំនួន៤ ដែលមានអាផាតមុិនសរុបចំនួន៣.៣៥៣យូនីត ហើយអាផាតមុិនទាំងនោះមានតម្លៃថ្លៃទាំងអស់។ នេះបើយោងតាមសមាគមអចលនទ្រព្យទីក្រុងហូជីមិញ (HoREA)។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Avison Young Vietnam បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា តម្លៃអាផាតមុិនក្នុងទីផ្សារបឋម(Primary Market)បានកើនឡើងចន្លោះពី៤ភាគរយទៅ៦ភាគរយ ចំពោះករណីគម្រោងបើកដំណើរការថ្មី។ ទីផ្សារបឋម មានន័យថា អតិថិជនទិញយកអាផាតមុិនដោយផ្ទាល់ពីអ្នកអភិវឌ្ឍន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងបើកដំណើរការថ្មីនានានៅក្នុងត្រីមាសទី២ មានអាផាតមុិន ដែលមានតម្លៃ៥៥លានដុងក្នុងមួយម៉ែត្រការ៉េ ឬថ្លៃជាងនេះ។ យោងតាមរបាយការណ៍បានបង្ហាញថា អាផាតមិនថ្មីសរុបចំនួន៣៦.០០០យូនីត ត្រូវបានបើកដំណើរការលក់នៅទូទាំងប្រទេសវៀតណាមក្នុងឆមាសទីមួយ ឆ្នាំ២០២៥។

ចំនួនអាផាតមុិន ដែលបើកដំណើរការថ្មីបានកើនឡើងទ្វេរដងបើធៀបនឹងឆ្នាំមុន។ ក្នុង​ចំណោមនោះ​ ចំនួនជាង៦២ភាគរយនៃចំនួនអាផាតមុិនសរុប ត្រូវ​បាន​គេ​ដាក់​លក់ក្នុងតម្លៃ​លើស​ពី៨០​លាន​ដុង​ក្នុង​មួយ​ម៉ែត្រ​ការ៉េ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here