ក្រុមហ៊ុនកូរ៉េគ្រោងវិនិយោគលើការកែច្នៃប្រេង និងឧស្ម័នពី សំបកគ្រាប់ស្វាយចន្ទីកម្ពុជា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមហ៊ុនកូរ៉េធំមួយគ្រោងបោះទុនវិនិយោគ លើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីរ ដើម្បីនាំចេញនៅក្នុងខេត្តកំពង់ធំ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា និងគណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) ដឹកនាំដោយលោក Kyoungmin Kim ប្រធានក្រុមគាំទ្រគម្រោងក្រៅប្រទេស នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

កិច្ចជំនួបនេះ មានការអញ្ជើញចូលរួមពី លោកអ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមានការចូលរួមពីគណៈប្រតិភូ ក្រុមការងារសហព័ន្ធស្វាយចន្ទីកម្ពុជាជាច្រើនរូបផងដែរ។

កិច្ចជំនួបនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ លើការកែច្នៃប្រេង និងឧស្ម័ន ពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារសក្តានុពលក្នុងតំបន់ដទៃទៀត។

បន្ទាប់ពីជំនួបក្រោមការសម្របសម្រួល ដោយសហព័ន្ធស្វាយចន្ទីកម្ពុជា គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) នឹងបន្តដំណើរទស្សនកិច្ចចុះសិក្សាផ្ទាល់ នៅចំការស្វាយ​ចន្ទីដែលស្ថិតនៅក្នុងខេត្តកំពង់ធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here