សម្តេចធិបតីស្វាគមន៍អង្គការសង្គមស៊ីវិលទាំងអស់ឲ្យតែមកធ្វើការពិតប្រាកដនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា រាល់អង្គការសង្គមស៊ីវិល ដែលធ្វើការងារពិតប្រាកដ គឺរាជរដ្ឋាភិបាលសូមស្វាគមន៍ជានិច្ច មិនមានការរើសអើងនោះឡើយតាំងពីដើមមក។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារាជរដ្ឋាភិបាលស្វាគមន៍ អ្នកខ្លះថា រាជរដ្ឋាភិបាល មានបញ្ហាជាមួយអង្គការ គឺអត់ទេ អង្គការសង្គមស៊ីវិល តាំងពីដើមមក គឺយើងស្វាគមន៍ ជាពិសេសអង្គការដៃគូ ដែលធ្វើការងារពិត ធ្វើការងារជាក់ស្ដែង ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយដល់គ្រប់វិស័យរបស់កម្ពុជា”។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែចាត់ទុកថា អង្គការសង្គមស៊ីវិល គឺជាដៃគូពិសេស និងបន្ដសហការ និងគាំទ្រ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺតែងតែគាំទ្រចំពោះអង្គការទាំងឡាយ ដែលធ្វើការងារចេញពីចិត្ត ដើម្បីជួយកម្ពុជា។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកើតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការ​មូលនិធិកុមារកម្ពុជា លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួម ជាមួយរាជរដ្ឋាភិបាល​ក្នុងប្រតិបត្តិការថែរទាំ គាំពារ ការពារ និងស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះ ដោយសារអំពើរំលោភបំពាន សំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ ជាពិសេសសម្រាប់កុមារ ដែលងាយរងគ្រោះបំផុត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលលោក ស្កុត បានធ្វើសម្រាប់កុមារកម្ពុជា គឺជាការងារធ្វើចេញពីបេះដូងដោយសុទ្ធចិត្ត។

លើសពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្ញប់ស្ញែងចំពោះទឹកចិត្តរបស់លោក ស្កុត ដែលបានលះបង់ជីវិតឡូយឆាយរបស់ខ្លួន ដើម្បីកុមារកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here