ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃពុធនេះ ខណៈការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុនបានបង្ហាញពីវឌ្ឍនភាពលើការចរចាពន្ធគយ។ម៉្យាងទៀត ការស្ទង់មតិបង្ហាញថា ស្តុកប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះកាលពីសប្តាហ៍មុន ដែលជាសញ្ញាបង្ហាញពីកំណើននៃតម្រូវការ។
តួយ៉ាង តម្លៃប្រេងឆៅប្រភេទ Brent futures បានកើនឡើង៣៣សេន ឬ០,៤៨ភាគរយដល់៦៨,៩២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0023 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៣សេន ឬ០,៥១ភាគរយដល់៦៥,៦៤ដុល្លារក្នុងមួយបារ៉ែល។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិក និងប្រទេសជប៉ុនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយយកអត្រាពន្ធគយចំនួន១៥ភាគរយលើការនាំចូលទំនិញជប៉ុនទៅកាន់សហរដ្ឋអាមេរិក។ លោក ត្រាំ បានបញ្ជាក់ថា ប្រទេសជប៉ុនបានឯកភាពលើការបោះទុនវិនិយោគចំនួន៥៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក៕







