ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកកែវ សុទ្ធិ បានអញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ”។
នេះជាមហោស្រពបច្ចេកវិទ្យាមេគង្គលើកទី៣ ឆ្នាំ២០២៥ (The 3rd Mekong Tech Festival 2025) ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ” នៅ Factory Phnom Penh នឹងនាំអនាគតបច្ចេកវិទ្យាឌីជីថល នៃពិភពលោកមកបង្ហាញជូនសាធារណជនរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥។
មហោស្រពនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈសេរី សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករ។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា មហោស្រពនេះ គឺជាកាតាលីករក្នុងការជំរុញបរិវត្តកម្មឌីជីថល នៅកម្ពុជា ឱ្យកាន់តែមានល្បឿនលឿនឆ្ពោះទៅមុខថែមទៀត តាមរយៈការចូលរួមរបស់យុវជនជំនាន់ក្រោយ សិស្ស-និស្សិត ដែលស្រឡាញ់ចូលចិត្តបច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល។
លោកសង្ឃឹមថាព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុន ដោយសារការកើនឡើងនៃការគាំទ្រ និងចំណូលចិត្តរបស់យុវជននិងប្រជាពលរដ្ឋ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះ គឺការផ្តោតលើការរៀនដោយផ្ទាល់ ការអនុវត្តជាក់ស្ដែង និងឱកាសបង្កើតបណ្តាញទំនាក់ទំនង ហើយក៏ជាការប្រមូលផ្តុំសិស្ស និស្សិត សហគ្រិនវ័យក្មេង អ្នកជំនាញដែលមានបទពិសោធ និងវិនិយោគិន ដើម្បីចែករំលែកគំនិតច្នៃប្រឌិតថ្មី នវានុវត្តន៍ និងការចែករំលែកចំណេះ ជំនាញលើបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាឌីជីថលឈានមុខ រួមមាន បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ប្លុកឆេន និងរូបូត ជាដើម៕











