ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ផែនការអាថ៌កំបាំង នៃគំរោងអភិវឌ្ឍន៍ជាច្រើនរបស់រដ្ឋាភិបាល នឹងបង្ហាញបណ្តើរៗនាពេលខាងមុខនៅខេត្តព្រះសីហនុ ខណៈខេត្តនេះកំពុងប្រែក្លាយខ្លួនបន្តិចម្តងៗ ជាទីក្រុងពហុបំណង។
ខេត្តនេះក្រៅពីមានសក្តានុពល លើហេដ្ឋារចនាសម្ព័ន្ឋ មានឆ្នេរខ្សាច់សក្បុរ ទឹកសមុទ្រខៀវស្រងាត់ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា ព្រមទាំងមានបណ្តាកោះចំនួន៣២ ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកើនឡើងជាប្រចាំ ខេត្តនេះកំពុងស្ថិតនៅក្នុងក្រសែភ្នែករបស់វិនិយោគិនអន្តរជាតិធំៗ ដែលគ្រោងបោះទុនវិនិយោគ ក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារនាពេលអនាគតបន្ថែមទៀត។
សំណួរនៅទីនេះ តើហេតុអ្វីបានជាអ្នកធុរកិច្ចជាតិ អន្តរជាតិគួរតែវិនិយោគក្នុងខេត្តព្រះសីហនុ?។
ចម្លើយ គឺចំណុចខ្លាំងរបស់ខេត្តព្រះសីហនុមានជាច្រើន រួមមានទី១ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មកំពូល ដែលគាំទ្រដោយ កំពង់ផែ និងអាកាសយានដ្ឋានលំដាប់អន្តរជាតិ និងជាខេត្តអាទិភាពនៅក្នុងគោលនយោបាយជាតិ។
ទី២ ទទួលបានអត្ថប្រយោជន៍ពីតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្ទេរឧស្សាហកម្ម និងមានកិតិ្តនាមខាងសមាហរណកម្មទេសចរណ៍។
លើសពីនេះ ខេត្តព្រះសីហនុក៏មានសក្តានុពលជាច្រើនផងដែរដូចជា ទី១ ផ្លាស់ប្តូរខ្សែច្រវាក់ឧស្សាហកម្ម ដែលជំរុញដោយប្រព័ន្ធពាណិជ្ជកម្មថ្មី ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ និងឱកាសឧស្សាហកម្មថ្មីៗ នាំមកដោយស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ ទី២ មានគោលនយោបាយគាំទ្រពិសេស ជាមួយនឹងកាលានុវត្តភាពថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល នឹងលេចឡើងនៅកម្ពុជា។
ចក្ខុវិស័យរបស់ផែនការមេខេត្តព្រះសីហនុ : ជាច្រកទ្វាអន្តរជាតិរបស់ប្រទេសកម្ពុជា ប៉ូលអភិវឌ្ឍន៍ជាតិ និងជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន។
លោកឡុង រតនា សមាជិកសមាគមសម្ព័ន្ធវិនិយោគគិត ចិន-កម្ពុជា និងជាសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ កក្កដា ថា ព្រះសីហនុ ប្រទេសកម្ពុជា ជាទីក្រុងដែលសក្តិសមបំផុត ក្នុងការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍! មិនមានការបង់ពន្ធCRS, ប្រទេសទ្រព្យសកម្មប្រាក់ដុល្លារ សេរីភាពប្តូរប្រាក់បរទេស ការលើកទឹកចិត្តគ្មានពន្ធសម្រាប់ការនាំចូល និងនាំចេញ និងការអនុគ្រោះចំពោះសហគ្រាសបរទេស ដោយមានការគាំទ្រពីការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស នឹងបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម។
លោកបញ្ជាក់ថា “អត្ថប្រយោជន៍ខ្ពស់ផ្ដល់ពីតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្ទេរឧស្សាហកម្ម និងមានកេរ្តិ៍ឈ្មោះសម្រាប់សមាហរណកម្មលើវិស័យទេសចរណ៍”៕









