កម្ពុជា វៀតណាមសន្យាជម្រុញទំហំពាណិជ្ជកម្មដល់២០ពាន់លានដុល្លារ

ដោយៈ ម៉ាណា

    វៀតណាមៈ កម្ពុជា និងវៀតណាមបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កាន់តែស៊ីជម្រៅ ដោយកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុង ពេលសន្និសីទភ្ជាប់ទំនាក់ទំនងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅទីក្រុងហូជីមិញកាលពីថ្ងៃអង្គារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍កម្រិតខ្ពស់នេះ មានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងតំណាងក្រសួងពាណិជ្ជកម្មកម្ពុជាជាង២០០នាក់។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំរួមគ្នាដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា។

អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជា។

អ្នកឧកញ៉ាបានបញ្ជាក់ ពីកំណើនពាណិជ្ជកម្មទ្វេភាគី ជាលំដាប់ និងតួនាទីសកម្មរបស់វៀតណាម ក្នុងនាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់កម្ពុជា។

អ្នកឧកញ៉ាគិត ម៉េង បានមានប្រសាសន៍ថា “វៀតណាមនៅតែស្ថិតក្នុងចំណោមវិនិយោគិនបរទេស កំពូលទាំងប្រាំនៅកម្ពុជា ដែលមានគម្រោងជាង២០០ ដែលមានតម្លៃជិត៣ពាន់លានដុល្លារ”។ អ្នកឧកញ៉ាបន្តថា“ការវិនិយោគទាំងនេះ គ្របដណ្តប់លើវិស័យជាច្រើន រួមមាន កសិកម្ម ទូរគមនាគមន៍ ធនាគារ និងហិរញ្ញវត្ថុ ការកែច្នៃម្ហូបអាហារ ការរុករករ៉ែ អាកាសចរណ៍ និងទេសចរណ៍”។

អ្នកឧកញ៉ាបានលើកទឹកចិត្ត សហគ្រាសវៀតណាមឱ្យបន្តស្វែងរកឱកាសនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យដែលស្របតាមយុទ្ធសាស្ត្រ ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ អ្នកឧកញ៉ាបាន បន្ថែ​ម​ថា “សន្និសីទនេះមិនត្រឹមតែជាវេទិកា សម្រាប់ការសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់កសាងភាពជាដៃគូ អាជីវកម្មពិតប្រាកដដែលអាចបង្កើតផលជះរយៈពេលវែង សម្រាប់សេដ្ឋកិច្ចទាំងពីរ”។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការវិស័យឯកជន ក្នុងការសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មនេះ។

អ្នកឧកញ៉ាបានកត់សម្គាល់ថា កំណែទម្រង់ដែលកំពុងបន្តនៅក្នុងប្រទេសកម្ពុជា ការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ផ្នែកភ័ស្តុភារ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពាណិជ្ជកម្ម កំពុងបង្កើតឱកាសថ្មីសម្រាប់វិនិយោគិន និងអ្នកនាំចេញពីភាគីទាំងពីរ។

ជាមួយគ្នានេះលោក ឡេង រិទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានគាំទ្រនូវការលើកឡើង។

លោកបានបង្ហាញទំនុកចិត្តថា ការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តជំរុញសន្ទុះពាណិជ្ជកម្ម និងការវិនិយោគ។

លោកក៏បានកោតសរសើរចំពោះតួនាទីរបស់CCC ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនរវាងសហគ្រាស។

លោក រិទ្ធី មានប្រសាសន៍ថា “យើងកំពុងឃើញក្រុមហ៊ុនវៀតណាមច្រើនទៀត ទទួលបានជោគជ័យនៅកម្ពុជា ហើយយើងសង្ឃឹមថា អាជីវកម្មកម្ពុជាកាន់តែច្រើននឹងវិនិយោគ នៅប្រទេសវៀតណាមផងដែរ”។លោកបន្ថែមថា “រួមគ្នា យើងអាចប្រែក្លាយភាពខ្លាំងរួមគ្នារបស់យើងទៅជាការរីកចម្រើនទៅវិញទៅមក។”

ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានកំណើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០២៤ពាណិជ្ជកម្មទ្វេភាគីបានកើនលើស១០ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ៥៣,៣៤ ភាគរយ ធៀបនឹងឆ្នាំមុន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ(GDCE) បានរាយការណ៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមឈានដល់៤,៣៤ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ពោលគឺកើនឡើង៧,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបន្តថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានចំនួនសរុប ២,១៩ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីកំណើន៨,២ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។ ទន្ទឹមនឹងនេះ ការនាំចូល ពីប្រទេសវៀតណាមមានចំនួន២,១៤ ពាន់លានដុល្លារ កើនឡើង៦,៣ភាគរយ ធៀបនឹងឆ្នាំមុន។

មន្ត្រីមកពីភាគីទាំងពីរជឿថា គោលដៅ២០ពាន់លានដុល្លារគឺអាចសម្រេចបាន តាមរយៈទំនាក់ទំនងអាជីវកម្មកាន់តែរឹងមាំ ការសម្រួលពាណិជ្ជកម្មកាន់តែប្រសើរឡើង និងការជំរុញការវិនិយោគគោលដៅ។

ជាមួយនឹងឆន្ទៈនយោបាយដ៏រឹងមាំ និងចក្ខុវិស័យរួមគ្នាសម្រាប់វិបុលភាពក្នុងតំបន់កម្ពុជា និងវៀតណាម កំពុងឈានចូលដំណាក់កាលថ្មីនៃភាពជាដៃគូសេដ្ឋកិច្ច ដែលផ្តោតលើពាណិជ្ជកម្មប្រកបដោយចីរភាព កំណើនដែលដឹកនាំដោយការវិនិយោគ និងសមាហរណកម្មកាន់តែស៊ីជម្រៅនៅក្នុងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here