អភិបាលខេត្តជប៉ុនមួយរូបបង្ហាញឆន្ទៈជម្រុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ដោយៈ និស្ស័យ

ភ្នំពេញៈ ក្នុងជំនួបជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន បានបង្ហាញឆន្ទៈជំរុញកិច្ចសហប្រតិបត្តិការបន្ថែ​មទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

លោកMURAI Yoshihiro បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការសម្រេចបាន នូវការចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន​ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ  ក៏ដូចជា ការឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកអភិបាលខេត្ត មានជំនឿជឿជាក់ថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងនាមជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន លោកនឹងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀតទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានអបអរសាទរ ចំពោះការសម្រេចបាន នូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៦​ ខែធ្នូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានតែងតែបានចូលរួម ចំណែកដល់ដំណើរការនៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ ការស្ដារ និងកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ សម្ដេចបវរធិបតីបានសម្ដែង នូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តមីយ៉ាហ្គិ និងរដ្ឋាភិបាលជប៉ុន​ទាំងមូល ដែលតែងតែបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារ​ នៅប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here