ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ កសលពីថ្ងៃទី៤ ធ្នូ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី ដឹកនាំដោយលោកតាន់ ប៊ុនប៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស៊ែប៊ី និងលោកស្រី Jovana Majstorovic ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការអាស៊ី, សហព័ន្ធរុស្ស៊ី និងសហធនរដ្ឋឯករាជ្យ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគី ព្រមទាំងពង្រីកការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។
លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់កម្ពុជាដោយផ្ទាល់ ក្នុងគោលដៅលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌការទូតសេដ្ឋកិច្ច។
ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនភាគីមិត្ត អំពីសាវតារនៃការរៀបចំតាក់តែងបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធ នឹងការវិនិយោគដែលរាជរដ្ឋាភិបាល តែងតែធ្វើការកែលម្អជាប្រចាំសំដៅផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការថែទាំវិនិយោគជូនវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់។
បន្ថែមពីនេះ លោកក៏បានបង្ហាញសុទិដ្ឋិនិយមថា ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី នឹងក្លាយទៅជាច្រកទ្វារថ្មីសម្រាប់ពង្រឹង និងពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេរទិស ឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាស មកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។
ជាកិច្ចបន្ត លោកស្រីប្រធានបានសម្តែងនូវសេចក្តីរីករាយ សម្រាប់បដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនចំពោះគណៈប្រតិភូ ដែលអញ្ជើញមកពីប្រទេសស៊ែប៊ី។
ស្របគ្នានេះ លោកស្រីក៏បានជម្រាបជូនអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នសភាពាណិជ្ជកម្ម និងឧស្សាហកម្ម និងបង្ហើបអំពីលទ្ធភាពក្នុងការរឹតចំណងកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។
លោកស្រីបានយកឱកាសដ៏ប្រពៃនេះ ស្នើភាគីកម្ពុជាពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ច ក្នុងឱកាសពិព័រណ៍ពិភពលោកអូសាកា២០២៥ នៅប្រទេសជប៉ុន និងExpo Belgrade ២០២៧ នៅប្រទេសស៊ែប៊ី ក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជាជូនចំពោះសហគមន៍ធុរកិច្ចក្នុងតំបន់Balkans៕









