ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃសុក្រនេះ ដោយសារវិបត្តិនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបង្កឱ្យមានផលប៉ះពាល់លើតម្លៃភាគហ៊ុនក្នុងស្រុក និងធ្វើឱ្យក្រុមអ្នកវិនិយោគប្រកាន់ជំហរប្រុងប្រយ័ត្ន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,២៩ភាគរយ គិតត្រឹមម៉ោង១០:៤៩នាទីព្រឹក។
ផ្ទុយទៅវិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨៣ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៦៣ភាគរយ។ ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៥១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,៥៧ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ១,២៣ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៤៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៤៩ភាគរយ៕









