ខុនដូ នឹងក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់ការវិនិយោគរកផលចំណេញត្រឡប់នាពេលអនាគត

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ អ្នកជំនាញ បានអះអាងថា វិស័យខុនដូនឹងកា្លយជាជម្រើសល្អសម្រាប់ការវិនិយោគ ហើយប្រជាជនស្រុកចាប់ផ្តើមការបង្កើនការវិនិយោគលើខុនដូ ដើម្បីទទួលបានផលចំណេញត្រឡប់មកវិញខ្ពស់នៅនាពេលអនាគត។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA បានលើកឡើងកាលពីថ្មីៗនេះថា បច្ចុប្បន្ន ការវិនិយោគលើខុនដូនាពេលនេះ នឹងទទួលបានផលត្រឡប់មកវិញខ្ពស់នៅពេលអនាគត ដោយសារមូលហេតុទី១ ដោយសារតម្លៃខុនដូមិនទាន់មានការកើនឡើងទេ ដូច្នេះតម្លៃស្ថិតនៅសភាពនៅទ្រឹង ហើយអនាគតតម្លៃខុនដូនឹងកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែងថា ក្នុងពេលបច្ចុប្បន្ននេះ លក្ខខណ្ឌក្នុងការបង់ប្រាក់នាពេលបច្ចុប្បន្នមានភាពបត់បែនច្រើន ហើយអ្នកអភិវឌ្ឍន៍បច្ចុប្បន្នកំពុងបំពេញចិត្តអ្នកវិនិយោគ ដូច្នេះការលក្ខខណ្ឌក្នុងការបង់ប្រាក់មានភាពងាយស្រួលជាងមុន។ ការវិនិយោគអចលនទ្រព្យ ពិសេសខុនដូ គឺសំខាន់ ទី១ ផ្តោតលើតម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌក្នុងការបង់ប្រាក់។

លោក គង្គា បានឱ្យដឹងថា ដូច្នេះស្ថិតក្នុងលក្ខខណ្ឌនេះ តម្លៃល្អ ទីតាំងល្អ ហើយលក្ខខណ្ឌក្នុងការបង់ប្រាក់ល្អទៀត ជាមួយការបញ្ចុះតម្លៃផ្សេងៗ វាជាល្អដ៏បំផុតសម្រាប់វិនិយោគក្នុងវិស័យខុនដូ។

កំណើនចំណូលរបស់ប្រជាជនក្នុងស្រុកមានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧទាហរណ៍ ប្រឡេកមើលតែរថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយយើងអាចប៉ាន់ប្រមាណដឹងហើយ។

លោក គង្គា បានឱ្យដឹងថា “នៅពេលប្រជាជនមានចំណូលកាន់តែច្រើន ពួកគាត់ធ្វើការឱ្យជីវិតរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ដូច្នេះជម្រើសល្អរបស់ពួកគាត់ផ្ទះសម្បែង។ បើសិនជាពួកគាត់ជារស់នៅកណ្តាលទីក្រុងភ្នំពេញ ហើយគាត់ចង់ផ្ទះមួយសម្រាប់ការរស់នៅល្អ គាត់មិនអាច់ផ្ទះល្វែងនៅកណ្តាលទីក្រុងបានទេ ហើយក៏គ្មានអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះល្វែងនៅកណ្តាលដែរ ដូច្នេះជម្រើសល្អគឺវិស័យខុនដូ ហើយតម្រូវពិតជាមានការកើនឡើងនាពេលអនាគត”។

ពីមួយឆ្នាំទៅមួយឆ្នាំ លំហូរប្រជាជនចូលមកទីក្រុងកើនឡើង ដែលជាកត្តាធ្វើឱ្យទីក្រុងមានភាពកាន់តែចង្អៀតបន្តិចម្តងៗ ហើយចំណូលប្រជាជនក៏មានកំណើន។ កត្តាទាំងនេះធ្វើឱ្យតម្រូវការខុនដូកាន់តែមានកំណើននាពេលអនាគត។

លោក បានថ្លែងបន្តថា “បច្ចុប្បន្ន យើងសង្កតឃើញមានមិនត្រឹមតែយុវជននោះទេ ប៉ុន្តែប្រជាជនវ័យចំណាស់ក៏បាននិងកំពុងចាប់ផ្តើមផា្លស់ប្តូរការរស់នៅនៅខុនដូ ព្រោះខុនដូមានសុវត្តិ ឯកជនភាព និងភាពស៊ីវីល័យ”។

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia នាពេលថ្មីៗនេះ បានឱ្យដឹងថា បន្ទប់ខុនដូថ្មីចំនួន ៨២៨ យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារនៅត្រីមាសទី ៣ ឆ្នាំ ២០២០ ដែលធ្វើឱ្យចំនួនបន្ទប់ខុនដូសរុបក្នុងរាជធានីភ្នំពេញកើនឡើងដល់ជាង ២១ ០០០ យូនីត។

អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ធ្លាប់មានប្រសាសន៍ថា ទោះបីសេដ្ឋកិច្ចកម្ពុជានៅបន្តរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីត ១៩ ប៉ុន្តែស្ថានភាពទីផ្សារខុនដូក្នុងរាជធានីភ្នំពេញកាលពីត្រីមាសទី ៣ បានចាប់ផ្តើមមានដំណើរការល្អឡើងវិញខ្លះៗហើយ។ ជាក់ស្តែងមានគម្រោងថ្មី ១ បានបើកដំណើរការ និង ៣ ទៀតប្រកាសសាងសង់។

អ្នកស្រីបន្តថា សម្រាប់ដំណើរការលក់ខុនដូ គឺមិនមានអ្វីជាក្តីបារម្ភពីសំណាក់អ្នកអភិវឌ្ឍន៍ឡើយ ដោយពួកគាត់នៅតែមានទំនុកចិត្តក្នុងការបើកដំណើរការលក់ក្នុងអំឡុងពេលជំងឺកូវីដ១៩ នេះដដែល គ្រាន់តែការលក់នៅពេលនេះ គឺមានភាពប្រកួតប្រជែងខ្លាំងជាងមុន ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រមួយចំនួនពិសេសវិធីសាស្ត្របង់ប្រាក់។

អ្នកស្រីថ្លែងថា “ទីផ្សារដែលស្ងប់ស្ងាត់មួយរយៈបានចាប់ផ្តើមដំណើរការឡើងវិញ តែបើនិយាយថា វានឹងមានសម្ទុះខ្លាំងនៅពេលណានោះគឺគេត្រូវរង់ចាំរហូតដល់មានការបើកដំណើរការផ្លូវហោះហើរច្រើនឡើងវិញជាមុនសិន”។

LEAVE A REPLY

Please enter your comment!
Please enter your name here