ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានទំហំទឹកប្រាក់៧២៤លានដុល្លារ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ ៧២៤លានដុល្លារក្នុងរយៈពេល ១០ខែដំបូង ឆ្នាំនេះ ធ្លាក់ចុះ ១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
យោងតាមតួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ២៦៧លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះ ៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងមានតម្លៃ ៤៥៧លានដុល្លារ ថយចុះ ២១ភាគរយ។
ផលិតផលរបស់ប្រទេសកម្ពុជាដែលនាំចេញទៅប្រទេសកូរ៉េភាគច្រើន មានដូចជាសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម រីឯការនាំចូលសំខាន់ៗពីប្រទេសគឺយានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។
កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង ១ពាន់លានដុល្លារ កើន ៦ភាគរយ អាមេរិកដែលក្នុងនោះកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣៣៦លានដុល្លារ។
ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ នៅពេលកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បានបញ្ចប់ និងកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងកាលពីចុងមុនថា លទ្ធផលនៃការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី ធ្វើឡើងបួនលើកកន្លងមក បង្ហាញពីការវិវត្តន៍ជាវិជ្ជមាន បើទោះបីជានៅមាន ចំណុចមិនទាន់ឯកភាពគ្នាមួយចំនួនក៏ដោយ គឺពាក់ព័ន្ធនឹងបញ្ហាពន្ធគយ។
លោក បញ្ជាក់ថា នៅពេលកិច្ចព្រមព្រៀងចូលជាធរមាន កម្ពុជា រំពឹងថា ការនាំចេញកសិផល និងទំនិញផ្សេងៗទៀត ទៅកាន់ប្រទេសកូរ៉េខាងត្បូង កើនឡើង ស្របពេលដែលបច្ចុប្បន្ន ការដោះដូរទំនិញរវាងប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់។ ប្រទេសទាំងពីរ បានចរចាគ្នាបួន ជុំរួចមកហើយ ដោយលើកទីមួយ នៅកាលពីខែកក្កដា លើកទីពីរ នៅខែសីហា លើកទីបី នៅខែតុលា និងលើកទីបួន នៅខែវិច្ឆិកា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here