ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានផ្អាកការសាទរចំពោះការចាត់វិធានការរបស់ទីក្រុងប៉េកាំង ដើម្បីស្តារសេដ្ឋកិច្ចចិនឱ្យស្ទុះងើបឡើងវិញ ហើយសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងអាចជៀសផុតវិបត្តិសេដ្ឋកិច្ច។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះចំនួន០,១៤ភាគរយ គិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
យ៉ាងណាមិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦៦ភាគរយ។ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៣៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ៥,៣៩ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ៥,៣០ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១៥ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានបិទការជួញដូរ ដោយសារថ្ងៃទី៩ ខែតុលា ជាថ្ងៃឈប់សម្រាកនៃទិវារំលឹកការបង្កើតអក្សរកូរ៉េនៅឆ្នាំ១៤៤៦៕








