ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក និងស្ថានការណ៍នៅតំបន់មជ្ឈឹមបូព៌ា។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៤ភាគរយប៉ុណ្ណោះដល់២៦៥៦,៨២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៤ភាគរយដល់២៦៧៦,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥៧,៧៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៦៩,៧០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០១,៧៨ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៦៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៧%ដល់៣១,៨៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៧៧%ដល់១.០០៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់់ចុះ១,៤៤%ដល់១.០០៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក៕








