ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃពុធនេះ ខណៈកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសចិនបានបង្ហាញសញ្ញាអវិជ្ជមាន។ប៉ុន្តែ តម្រូវការប្រេងនៅអាមេរិកបែរជាអាចនឹងកើនឡើង ខណៈស្តុកប្រេងរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេន មកនៅត្រឹម៨៣,៦៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0315 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៤សេនមកត្រឹម៨០,៧២ដុល្លារក្នុងមួយបារ៉ែល។
ក្រុមអ្នកវិនិយោគបានបង្ហាញក្តីសង្ឃឹមថា ធនាគារ Fed នឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ ក្រោយពីលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បានថ្លែងថា “យើងនឹងមិនរង់ចាំរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះមកនៅត្រឹមគោលដៅ២% ទើបយើងសម្រេចចិត្តបញ្ចុះអត្រាការប្រាក់នោះទេ ហើយប្រសិនបើអ្នកចង់រង់ចាំរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះដល់គោលដៅ២% នោះអ្នកប្រហែលជាត្រូវរង់ចាំយូរតទៅទៀត”។
ជាមួយគ្នានេះ កាលពីថ្ងៃអង្គារម្សិលមិញ លោកស្រី Adriana Kugler ទេសាភិបាលធនាគារកណ្តាលអាមេរិក ក៏បានសម្តែងសុទិដ្ឋិនិយមផងដែរថា “អត្រាអតិផរណាកំពុងវិលត្រលប់ទៅកាន់គោលដៅ២ភាគរយ របស់ធនាគារកណ្តាលអាមេរិកវិញ”។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះបន្តិចដល់១០៤,២៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,២៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគមានការសង្ស័យថា រដ្ឋាភិបាលជប៉ុនបានបោះទុនវិនិយោគសរុបចំនួន៦ទ្រីលានយ៉េន ដើម្បីចូលធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយប័ណ្ណក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុន។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃ០,០៧ភាគរយ គិតត្រឹមម៉ោង១០:៣២នាទីព្រឹក។
ចំណែក ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៧៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,០៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៩៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៩៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣២ភាគរយ៕







