ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈប្រាក់ដុល្លារបានងើបឡើងថ្លៃ ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារមកលើបេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump គួបផ្សំនឹងវឌ្ឍនភាពលើកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ៥៥សេន មកនៅត្រឹម៨៤,៤៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0109 GMT បន្ទាប់ពីបានធ្លាក់ចុះ៣៥សេនកាលពីថ្ងៃសុក្រ ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៥៦សេនមកនៅត្រឹម៨១,៦៥ដុល្លារក្នុងមួយបារ៉ែល។
ក្រុមអ្នកវិភាគអន្តរជាតិបានលើកឡើងថា ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀត នោះសំណើរបស់លោកក្នុងការដំឡើងពន្ធលើការនាំចូល នឹងជំរុញឱ្យតម្លៃទំនិញហក់ឡើងខ្ពស់ និងកាត់បន្ថយអំណាចនៃការទិញរបស់ប្រជាជនអាមេរិក។ទន្ទឹមនឹងនេះ ការរឹតបន្តឹងលើការធ្វើចំណាកស្រុកក៏អាចជះផលប៉ះពាល់ដល់ទីផ្សារការងារ និងកំណើនប្រាក់ឈ្នួលផងដែរ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩២,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,២២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,០៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈទិន្នន័យបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ៤,៧%ប៉ុណ្ណោះ នៅក្នុងត្រីមាសទី២ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់៥,១% និងមានកម្រិតទាបជាងកំណើន៥,៣% ដែលសម្រេចបាននៅក្នុងត្រីមាសទី១។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៣២ភាគរយ គិតត្រឹមម៉ោង១០:២២នាទីព្រឹក។
ចំណែកឯ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១,២៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,១០ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៨៣ភាគរយ៕







