ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត Financial Times បានរាយការណ៍ថា សហភាពអឺរ៉ុប (EU) កំពុងរៀបចំផែនការដាក់ពន្ធគយលើទំនិញថោកៗ ដែលបានទិញពីវេទិកាលក់រាយ តាមអនឡាញរបស់ចិន រួមមានវេទិកា Temu វេទិកាShein និងវេទិកា AliExpress។
យោងតាមរបាយការណ៍ ដែលចុះផ្សាយដោយកាសែត Financial Times បានបង្ហាញថា គណៈកម្មការអឺរ៉ុបនៅចុងខែកក្កដានេះ គ្រោងស្នើលុបចោលបទប្បញ្ញត្តិបច្ចុប្បន្ន ដែលចែងថា ការទិញទំនិញតាមអនឡាញ មកពីប្រទេសដែលពុំមែនជាសមាជិកEU និងមានតម្លៃក្រោម១៥០អឺរ៉ូ ត្រូវបានលើកលែងពន្ធ។
ទំនិញប្រមាណ២ពាន់លានកញ្ចប់ ដែលសុទ្ធតែមានតម្លៃក្រោម១៥០អឺរ៉ូ ត្រូវបាននាំចូលមកកាន់សហភាពអឺរ៉ុប ពីបណ្តាប្រទេសខាងក្រៅនៅក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីគណៈកម្មាការអឺរ៉ុប។
របាយការណ៍ខាងលើបានបន្តទៀតថា EU បាននិងកំពុងពិភាក្សាគ្នា អំពីការលុបចោលបទប្បញ្ញត្តិចាស់ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់ពន្ធគយ ដែលបានស្នើឡើងដោយគណៈកម្មាការអឺរ៉ុបកាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ នៅពេលនេះEUកំពុងពន្លឿនច្បាប់ថ្មី ដើម្បីទប់ទល់នឹងការនាំចូលទំនិញថោកៗមកពីបរទេស។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Alibaba ដែលជាម្ចាស់វេទិកា AliExpress រួមទាំងក្រុមហ៊ុនShein ក្រុមហ៊ុន Temu និង EU មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មាន Reuters នោះទេ។
ជាមួយគ្នានេះ ក្រុមអ្នករិះគន់បានលើកឡើងថា វេទិកាចិនទាំងនេះ បានប្រើប្រាស់ការលើកលែងពន្ធ នាំចូលនៅទីនោះ ដើម្បីលក់ទំនិញ នៅក្នុងតម្លៃថោកជាងដៃគូប្រជែង និងបញ្ចៀ សការត្រួតពិនិត្យពន្ធគយ លើផលិតផលរបស់ពួកគេ។
ច្បាប់នាពេលបច្ចុប្បន្នបានជួយឱ្យវេទិកា Shein និងវេទិកា Temu ដាក់លក់រ៉ូប ក្នុងតម្លៃត្រឹមតែ៨ដុល្លារអាមេរិក និងលក់នាឡិកាឆ្លាតវៃ ក្នុងតម្លៃ២៥ដុល្លារប៉ុណ្ណោះ ដល់អ្នកទិញទំនិញតាមអនឡាញនៅជុំវិញពិភពលោក៕ប្រភព: FT៕







