លោកស៊ុន ចាន់ថុលបានទៅដល់ប្រទេសអាល្លឺម៉ង់ ក្នុងដំណើរ គោះទ្វារវិនិយោគិន

        ដោយៈ គង់ ម៉ាលីនណា

        អាល្លឺម៉ង់ៈ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន និងកំពុងបន្តបេសកកម្ម ក្នុងប្រទេសអាល្លឺម៉ង់ ដោយអញ្ជើញទស្សនកិច្ចក្រុមហ៊ុន UVEX ដែលជាក្រុមហ៊ុនមានមុខសញ្ញាវិនិយោគផលិតសម្ភារៈការពារ។

លោកត្រួវបាន អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចាកចេញពីប្រទេសអេស្ប៉ាញ និងកំពុងបន្តទស្សកិច្ចក្នុងប្រទេសអាល្លឺម៉ង់ ដោយអញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Claus Jurgen Lurz នាយកឧត្តមអាជីវកម្ម ក្រុមហ៊ុន UVEX ដែលជាក្រុមហ៊ុនផលិតសម្ភារៈការពារ ដែលមានគុណភាពខ្ពស់ ពិសេសសម្រាប់ការពារភ្នែក ត្រចៀក និងជើងជាដើម សម្រាប់ប្រើប្រាស់ក្នុងកីឡា ការកម្សាន្ត និងសម្រាប់កន្លែងធ្វើការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការប្រើប្រាស់សម្លេងតែមួយ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ដល់ក្រុមហ៊ុនអំពីបេសកកម្ម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាច្រកចេញចូលតែមួយ ក្នុងការសម្របសម្រួលរាល់បញ្ហាប្រឈមនានារបស់វិនិយោគិន ធានាផ្ដល់បរិយាកាសវិនិយោគល្អ សំដៅធ្វើយ៉ាងណាជំរុញ ឱ្យគម្រោងវិនិយោគនីមួយៗ អាចទទួលបានជោគជ័យ។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានបន្តកិច្ចខិតខំប្រឹងប្រែងបង្កភាពងាយស្រួលដល់វិនិយោគិន លើគ្រប់ទម្រង់ពាក់ព័ន្ធទាំងអស់ ពិសេសការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងភស្ដុភារកម្ម”។

លោកបន្តថា សក្ដានុពលរបស់កម្ពុជា ដែលវិនិយោគិនគួរពិនិត្យជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគអាចរាប់ចេញពីកម្លាំង ពលកម្មវ័យក្មេងរបស់កម្ពុជា ដែលក្នុងនោះ៦០% នៃប្រជាពលរដ្ឋសរុបគឺជាយុវជន ដែលមានអាយុក្រោម៣៥ឆ្នាំ ស្ថិរភាពសេដ្ឋកិច្ច និងនយោ​បាយរបស់កម្ពុជា ច្បាប់វិនិយោគដែលមានភាពបើកចំហរ ផ្ដល់សិទ្ធអនុញ្ញាតឱ្យវិនិយោគិនបរទេស អាចក្លាយជាម្ចាស់ភាគហ៊ុនទាំងស្រុង លើកលែងជាម្ចាស់កម្មសិទ្ធិដីធ្លី ពិសេសជាងនេះទៅទៀត គឺការគាំទ្រយ៉ាងពេញទំហឹង របស់រដ្ឋាភិបាលដល់វិស័យឯកជន ដោយហេតុថាវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ អាចជួយរុញច្រានសន្ទុះសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានផែនការឆ្នាំ២០៣០ ជាប្រទេសមានចំនូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ត្រឹម ឆ្នាំ២០៥០។

ក្រោយធ្វើបទបង្ហាញជូនដល់គណៈប្រតិភូកម្ពុជា និងពិសេសបានទទួលស្ដាប់អំពីសក្ដានុពល និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន UVEX នឹងពិចារណាជ្រើសរើសប្រទេសកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here