ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើង ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានកើនឡើងជិត៤ភាគរយ កាលពីសប្តាហ៍មុន ស្របពេលដែលមានទស្សនៈ លើកឡើងថា ការផ្គត់ផ្គង់ កំពុងត្រូវបានរឹតបន្តឹង។
តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែឧសភាបានកើនឡើង៣សេនដល់៨៥,៣៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0045 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ចែកចាយនៅខែមេសា បានកើនឡើង១០សេនដល់៨១,១៤ដុល្លារក្នុងមួយបារ៉ែល។
សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។
យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។
ទស្សនវិស័យលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ស្របពេលដែលអត្រាអតិផរណាបានកើនឡើងខ្ពស់ជាងការរំពឹងទុកនាពេលថ្មីៗនេះ។
តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥៦ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាសជាង៧០ភាគរយ កាលពីដើមសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។
នៅថ្ងៃច័ន្ទនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៣,៤៨ពិន្ទុ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅថ្ងៃច័ន្ទនេះ ខណៈអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលជប៉ុន(BOJ) នឹងបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួននៅសប្តាហ៍នេះ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,២ភាគរយ បន្ទាប់ពីធ្លាក់ថ្លៃចុះ០,៧ភាគរយកាលពីសប្តាហ៍មុន។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,១២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៣ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៥៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៣៦ភាគរយ។
ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៨៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤៨ភាគរយ៕







